កីឡដ្ឋានវិសាខានឹងអាចផ្ទុកអ្នកទស្សនាជាង១ម៉ឺននាក់ក្រោយចប់ការសាងសង់បន្ថែម

លោក រ៉ា នូវិបុត្រ នាយកប្រតិបត្តិក្លិបបាល់ទាត់វិសាខា អះអាងថា កីឡដ្ឋានរបស់ខ្លួននឹងអាចផ្ទុកអ្នកទស្សនារហូតដល់ទៅជាង១ម៉ឺននាក់ នៅពេលផែនការសាងសង់កន្លែងអង្គុយមើលពីរជ្រុងបន្ថែមទៀតត្រូវបញ្ចប់ជាស្ថាពរ នាពេលខាងមុខ។

ថ្នាក់ដឹកនាំខាងលើថ្លែងបែបនេះខណៈក្រុមជើងឯករង Metfone Cambodian League ២០១៩ កំពុងដំណើរការសាងសង់កន្លែងអង្គុយមើលបន្ថែមនៅមុខ Grand Stand ហើយបន្ទាប់ពីនោះនឹងបន្តទៅថែមពីមុខ LED Scoreboard ផងដែរ។

លោក រ៉ា នូវិបុត្រ លម្អិត ៖”ដូចបងប្អូនដឹងហើយថា ចំនួនអ្នកទស្សនាអាចចូលរួមនៅកីឡដ្ឋានវិសាខាបានសព្វថ្ងៃអាចបាន៧០០០នាក់ អ៊ីចឹងពេល stand ថ្មីធ្វើហើយអាចផ្ទុកបានជិត១ម៉ឺននាក់ ហើយក្នុង Master Plan របស់យើងពេលអ្វីៗបញ្ចប់រួចរាល់ អាចទទួលអ្នកទស្សនាលើសពី១ម៉ឺននាក់”។

ក្រៅពីកន្លែងអង្គុយធំៗទាំងពីរ វិសាខា ក៏កំពុងបន្ថែមប្រព័ន្ធបាញ់ទឹកកាន់តែស្វ័យប្រវត្តិងាយស្រួលដល់ការថែទាំស្មៅ, កន្លែងហាត់ប្រាណ និងកន្លែងរក្សាស្បែកជើងកីឡាករដោយមានបុគ្គលិកមើលការត្រឹមត្រូវ។

លោក រ៉ា នូវិបុត្រ ចាត់ទុកកំណែទម្រង់នេះជាការអភិវឌ្ឍដ៏សំខាន់ឈានទៅកាន់ភាពជាអាជីពពិតប្រាកដសម្រាប់វិសាខា និងបង្ហាញពីភាពរីកចម្រើននៃបាល់ទាត់កម្ពុជាទាំងមូល៕

ប្រភព៖ CNCC