បន្លំខ្លួនទៅមើលការតាំងពិពណ៌ដូចគ្នាដូចឯង រួចយកកន្ត្រៃលួចកាត់ខ្សែកគេ អស់លក្ខណ៍ត្រូវបានចាប់ខ្លួន
ព័ត៌មាន
506

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យរូបនេះ មានឈ្មោះ ណុល ស្រីចាន់ ភេទស្រី អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចកន្លែងតាំងពិពណ៌ ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលទៅមើលការតាំងពិពណ៌ បានឃើញស្រីម្នាក់ កំពុងពរកូនប្រុសតូច

អាយុប្រហែល០២ឆ្នាំ ទៅមើលការតាំងពិពណ៍ដូចគ្នា ហើយមានពាក់ខ្សែ ក ផ្លាកទីន មួយខ្សែ។ ភ្លាមនោះ ជនសង្ស័យ ខាងលើ បានដើរតាមរហូតដល់កន្លែងចង្អៀតមានមនុស្សច្រើន ជាឳកាសល្អ ជនសង្ស័យ ខាងលើ បានយកកន្ត្រៃមកកាត់ យកខ្សែ ក នោះ បានសម្រេច ហុចទៅឲ្យក្មេងប្រុសម្នាក់ទៀត ឈ្មោះ តេវ ដែលដើរមកជាមួយខ្លួនយកទៅបាត់។ តែក្នុងពេលនោះ ម្តាយរបស់ក្មេងប្រុសនោះ ឃើញទាន់ បានប្តឹងសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនតែម្តង៕