មនុស្ស៦០នាក់រងរបួស ក្រោយយន្តហោះអាមេរិក ទម្លាក់សាំងចោលពីលើអាកាស និងធ្លាក់ចំសាលារៀន
ព័ត៌មានអន្តរជាតិ
717

បរទេស៖ មនុស្ស៦០នាក់បានរងរបួស បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ឌែលតាអ៊ែរឡាញ (Delta Airlines) បានធ្វើការទម្លាក់ឥន្ធនៈចេញពីខ្លួនរបស់វា ពេលកំពុងវិលត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិឡូសអាន់ជឺឡេស រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ ហើយធ្លាក់មកលើទីធ្លាក្នុងសាលារៀន​ចំនួន​៥កន្លែង និងវិទ្យាល័យមួយកន្លែង។ នេះបើយោងតាមការចេញពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។

​លោក Sean Ferguson ​នាយកដ្ឋានពន្លត់អគ្គិភ័យ​ Los Angeles បានប្រាប់ទូរទស្សន៍​CNN ថា ឧប្បត្តិហេតុបានកើតឡើងបន្ទាប់ពីថ្ងៃរសៀលថ្ងៃអង្គារសប្តាហ៍នេះ។ សាលារៀនដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺសាលាផាកអាវេដ នៅស៊ីដហា ដែលមានកុមារ​២០ នាក់និងមនុស្សធំ​១១​នាក់បានរងរបួសស្រាល។​សាលារៀនផ្សេងទៀតដែលរងផលប៉ះពាល់រួមមាន សាន់ហ្គារហ្កាឡា,បឋមសិក្សាហ្គែហាមហៀរ,បឋមធ្វីសធេយ ៩៣ ផ្លូវ,បឋមសិក្សានិងវិទ្យាល័យហ្សកដានី។

គួរជម្រាបថា យន្តហោះខាងលើនេះមានជើងហោះហើរ Delta Flight 89 ដឹកអ្នកដំណើរសរុប ១៤៩នាក់ចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងឡូសអាន់ជែឡេស (LAX) សំដៅទៅកាន់ទីក្រុងសៀងហៃ នៃប្រទេសចិន ប៉ុន្តែវាបានងាកត្រឡប់ទៅចុះចតនៅ LAX វិញ ហើយទម្លាក់ឥន្ធនៈមួយចំនួនចេញពីតួខ្លួនវាទាំងកណ្តាលអាកាសតែម្តង។

បើតាមអ្នកនាំពាក្យ LAX បានបញ្ជាក់ថា «ក្រោយការហោះឡើងបានតែមួយភ្លែតប៉ុណ្ណោះ ជើងហោះហើរ Delta Flight 89 បានជួបបញ្ហាម៉ាស៊ីន ដែលជាហេតុបង្ខំឲ្យយន្តហោះត្រូវត្រឡប់ទៅធ្វើការចុះចតនៅ LAX វិញភ្លាមៗ។ យន្តហោះបានចុះចតដោយសុវត្ថិភាព បន្ទាប់ពីឥន្ធនៈគ្រាមានអាសន្នរបស់វា ត្រូវបានទម្លាក់ចោល ដើម្បីកាត់បន្ថយទម្ងន់នៅពេលយន្តហោះត្រូវចុះចត»​៕