ស្ត្រីម៉ាស្សាម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចលុយភ្ញៀវបរទេស
ព័ត៌មាន
417

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម៉ាស្សាម្នាក់ ក្រោយលួចលុយភ្ញៀវជនជាតិបរទេស កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំនុច ផ្ទះលេខ16E0 ផ្លូវលេខ១៧៨ភូមិ០១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនខាងលើមានឈ្មោះ មើន ច្រឹប ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកម៉ាស្សា មានទីលំនៅផ្ទះលេខ១៦E0 ផ្លូវលេខ១៧៨ ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចលុយចំនួន ១,០០០យូរ៉ូ ដោយ ៨០០យូរ៉ូ ប្រគល់ឲ្យបក្ខពួកយករត់គេចបាត់ស្រមោល។

ចំណែកជនរងគ្រោះឈ្មោះ BEN AHMED RABIA AHMIDA ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិលីបី មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ PYKQHL89 ស្នាក់នៅសណ្ឋាគារ Diamond សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហតុជនរងគ្រោះបានចូលទៅម៉ាស្សា នៅក្នុងហាងខាងលើ ហើយជនសង្ស័យប្រាប់ឲ្យជនរងគ្រោះដាក់កាបូបស្ពាយក្បែរគ្រែ រួចប្រើល្បិចឲ្យដេកផ្កាប់មុខដើម្បីម៉ាស្សា ស្រាប់តែធ្វើសកម្មភាពលួចលូកយកលុយកាបូប ពេលជនរងគ្រោះឃើញទាន់ស្រែកផ្អើលសមត្ថកិច្ចល្បាត ចុះទៅអន្តរាគមន៍ឃាត់ខ្លួនមកសាកសួរ និងដោះស្រាយតាមនីតិវិធី ៕