ក្រោយផ្ទុះករណីឃាតកម្មរបស់ម្តាយកក្រើកបណ្តាញសង្គម ពេលនេះ កញ្ញា ពេជ្រ សូលីកា បង្ហោះសារឆ្លើយតប
កម្សាន្ត
5.26K

ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះករណីឃាតកម្មស្ត្រីម្នាក់ ចងស្លាបសេកភាគីជនរងគ្រោះម្នាក់ទៀត ជាស្រីដូចគ្នា ទៅខាងក្រោយ រួចឡើងអង្គុយសង្កត់ក្បាលផ្ទប់នឹងខ្នើយស្លាប់យ៉ាងរន្ធត់ ដោយមានស្លាកស្នាមលើសាកសពច្រើនកន្លែង ហើយតាំងពីយប់ថ្ងៃទី១១ រហូតមកទល់ថ្ងៃទី១២ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះទៅធ្វើការសាកសួរជាច្រើនម៉ោង តែមិនព្រមឆ្លើយសារភាពគេចវេសឆ្លើយភូតភរសមត្ថកិច្ចអស់ជាម៉ោង ទើបចុងក្រោយព្រមសារភាពថាខ្លួនជាអ្នកសម្លាប់ជនរងគ្រោះរួចស្រាយចំណងដៃដែលខ្លួនបានចងស្លាបសេក ដាក់សាកសពដោយដេកដូចមនុស្សធម្មតា ដើម្បីកុំឲ្យសមត្ថកិច្ចចាប់អារម្មណ៍ និងព្យាយាមនិយាយកុហកសមត្ថកិច្ចថាជនរងគ្រោះមានជំងឺ ស្លាប់ដោយសារខ្យល់គរនោះ ចុងក្រោយនៅតែលាក់បាំងមិនបានដដែល ដែលករណីឃាតកម្មមួយនេះ ផ្ទុះការភ្ញាក់ផ្អើលខ្លាំងក្រោយគេដឹងថា ជនសង្ស័យគឺម្តាយរបស់តារាចម្រៀងដ៍ល្បីថែមទៀត ។

ក្នុងនោះ ក្រោយកើតរឿងរ៉ាវរបស់ម្តាយខាងលើ ពេលនេះ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះពាក្យពេចន៍នៅលើបណ្តាញសង្គមថា ៖ « រឿងដែលបានកើតឡើងហើយវាក៏មិនអាចបកក្រោយបានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះ ខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត ដើរតួជាឪពុកផង ដើរតួជាម្ដាយផង

ដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត។

ព័ត៌មាន នឹង សង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច ? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារ ព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះ

ដែលមានគ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះដែរទេ? ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បះមួយនេះដែរ នេះមិនមែនជាការសម្ដែង តែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូល រួចក៏សួរខ្លួនឯងថា ខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹង ខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វី

ខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេ ក៏មិនបណ្ដោយអោយប្អូនស្រីរបស់ខ្ញុំ ឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់បងៗ សារព័ត៌មាន នឹងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ។

ម៉ាក់ហត់ខ្លាំងណាស់ហើយ ទើបម៉ាក់មិនអោយកូនដឹងបែបនេះ ម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុស

ចំណែកច្បាប់ក៏បានធ្វើការ ទៅតាមផ្លូវច្បាប់ តែហេតុអ្វីអ្នកដែលគ្មានមេត្តា ខំប្រឹងមកកាត់ក្ដី ជំនួសច្បាប់បន្ថែមទៀតបែបនេះ ម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួន អ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែក ហេតុអីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ ? អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បីប្អូន ដើម្បីកូន នឹងអនាគតគ្រួសាររបស់ខ្ញុំ សុំទោសណា៎ម៉ាក់ ។

សូមបញ្ជាក់ថា ចំពោះសំណុំរឿងករណីឃាតកម្មមួយនេះ មហាជនមួយចំនួនបានមានការអាណិតចំពោះតារាចម្រៀងពេជ្រ សូលីកា​ដែលត្រូវមកជួបរឿងបែបនេះ និងមហាជនមួយចំនួនទៀត ក៏បានបញ្ចេញមតិផងដែរថា រឿងនេះមិនពាក់ព័ន្ធនឹងកូន ហេតុការណ៍យកឈ្មោះកូនមកដាក់ភ្ជាប់ដែរ ខ្លះទៀតបានលើកឡើងមកពីកូនគាត់ជាមនុស្សរបស់មហាជន ជាតារា ជាអ្នកមានកេរ្ត៍ឈ្មោះល្បី ហេតុអ្វីម្តាយធ្វើអ្វីមួយមិនគិតពីមុខមាត់កេរ្ត៍ឈ្មោះរបស់កូន? និងមហាជនខ្លះទៀតបានលើកឡើងថា ពេលនេះជាពេលដែលអាណិត Idol ឬក៏អាណិតជនរងគ្រោះដែលគ្នាត្រូវរងនូវអំពើឃាតកម្មដ៍ឃោឃៅនិងវេទនាមួយនេះ គ្រប់គ្នាលែងអាណិតជនរងគ្រោះ ព្រោះរវល់អាណិត កញ្ញា ពេជ្រ សូលីកា ហេតុអ្វីមិនឃើញមានអ្នកជេរឃាតក ដូចករណីឃាតកម្មទូទៅដែរ ? និងមានមហាជនខ្លះទៀតបានលើកឡើងថា ពេជ្រ សូលីកា អាចបាក់ទឹកចិត្ត បាត់បង់កេរ្ត៍ឈ្មោះ ក្នុងសង្គម ប៉ុន្តែមិនស្មើរនឹងក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានគេសម្លាប់យ៉ាងវេទនា ត្រូវជួបការឈឺចាប់ទ្វេពីនាងរាប់រយដង បាត់បង់សាច់ញាតិបង្កើត បាត់បង់បង មីង គ្មានថ្ងៃត្រឡប់មកវិញ តើអ្នកណាឈឺចាប់ជាង? ទាំងនេះគឺជាការលើកឡើងរបស់មហាជន ៕