តារាល្បីៗនិងអ្នកដឹកនាំរឿងរួមទាំងពិធីករទូរទស្សន៍ល្បីៗនៅអ៊ីរ៉ង់ គាំទ្របាតុករ ក្រោយ​រដ្ឋាភិបាលកុហករឿងបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន
ព័ត៌មានអន្តរជាតិ
511

បរទេស៖ ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី ៣ គិតត្រឹមនៅថ្ងៃចន្ទទី១៣មករាបន្ទាប់ពីរបបក្រុងតេហេរ៉ង់ទីបំផុតបានបោះបង់ចោលការធ្វើពុតរបស់ខ្លួននិងសារភាពថាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Daily Mail នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ក្រុមបាតុកររាប់សិបនាក់បានប្រមូលផ្តុំគ្នាស្រែកពាក្យស្លោកនៅឯសាកលវិទ្យាល័យមួយក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃចន្ទ ចំពេលមានរលកនៃការខឹងសម្បារជាសាធារណៈបន្ទាប់ពីយន្ដហោះអ៊ុយក្រែនមួយគ្រឿងត្រូវបានបាញ់ធ្លាក់ ដោយសម្លាប់ជនជាតិអ៊ីរ៉ង់រាប់សិបនាក់ជិះនៅលើនោះ។

ក្រុមតារាល្បីៗជាច្រើននាក់បានងាកមកជំទាស់នឹងរបបអ៊ីរ៉ង់ហើយពិធីករទូរទស្សន៍រដ្ឋចំនួន ២ នាក់បានឈប់ពីការងារដោយសាររាយការណ៍ព័ត៌មានមិនពិត ៣ ថ្ងៃជូនរបបតេហេរ៉ង់ស្តីពីការធ្លាក់យន្តហោះនេះ។

អ្នកដឹកនាំរឿងឈានមុខគេរបស់អ៊ីរ៉ង់គឺលោក Masoud Kimiai បានដកខ្លួនចេញពីមហោស្រពភាពយន្តប្រចាំឆ្នាំ Fajr Film Festival ក្នុងទីក្រុងតេហេរ៉ង់ ដើម្បីជាការតវ៉ា ដោយនិយាយថាគាត់សុខចិត្តឈរនៅខាងសាធារណជន។

តារាចម្រៀងលេចធ្លោឈ្មោះ Alireza Assar ក៏បានលុបចោលការប្រគុំតន្ត្រីផងដែរក្នុងគោលបំណងបង្ហាញការគាំទ្រដល់ការតវ៉ា ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍។

ម្ចាស់មេដាយមាសអូឡាំពិកជាស្ត្រីតែម្នាក់គត់របស់អ៊ីរ៉ង់គឺនាង Kimia Alizadeh បានប្រកាសពីរត់ចោលសាធារណរដ្ឋអ៊ីស្លាមផងដែរ ដោយរឹតដាក់សម្ពាធបន្ថែមទៀតទៅលើរបបអ៊ីរ៉ង់។

ឥឡូវតេហេរ៉ង់កំពុងបង្ហាញសញ្ញាចង់កាត់បន្ថយភាពតានតឹងក្នុងការប្រឈមមុខគ្នាជាមួយសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការបារម្ភអំពីការផ្ទុះជម្លោះនៅមជ្ឈិមបូព៌ា៕ 

ប្រភព៖​ Daily Mail