វៀតណាម ជាប់លេខ៩ក្នុងចំណោម១០ប្រទេស ដែលមានយោធាធំជាងគេបំផុតលើលោក!!
ព័ត៌មានអន្តរជាតិ
632

បរទេស៖ បើយោងតាមរបាយការណ៍មួយបានឱ្យដឹងថា វៀតណាមបានជាប់លេខ​៩ ក្នុងបញ្ជីប្រទេសចំនួន​១០ ដែលមានកម្លាំងយោធាសកម្មធំជាងគេបំផុតលើពិភពលោកគិតត្រឹមឆ្នាំ​២០១៩។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន vnexpress ​កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។

កម្លាំងយោធាសកម្មសរុបរបស់វៀតណាមមានចំនួន​៤៨២.០០០ នាក់ បើផ្អែកតាមការប៉ាន់ស្មានចុងក្រោយពីវេបសាយ Global Firepower ដែលជាវេបសាយនិយាយអំពីយោធាមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលវាយតម្លៃអំណាចយោធារបស់ប្រទេសជុំវិញពិភពលោក។

ចំណាត់ថ្នាក់នេះគឺវាស់វែងកងទ័ពនៅជុំវិញពិភពលោកដោយផ្អែកលើចំនួនទាហាននៅក្នុងជួរកងទ័ពជើងគោក ជើងទឹក ជើងអាកាស និង កងប្រដាប់អាវុធផ្សេងទៀតរួមបញ្ចូលគ្នា។

ដោយឡែក ចិនមានយោធាសកម្មធំជាងគេបំផុតនៅលើពិភពលោក ដែលមានសមាជិកចំនួន​២,១៨​លាននាក់ បន្ទាប់មកគឺឥណ្ឌាមានសមាជិក​១,៣៦​លាននាក់ និង សហរដ្ឋអាមេរិកមានសមាជិក​១,២៨​លាននាក់។ ខណៈដែលកូរ៉េខាងជើងជាប់លេខ​៤ និងរុស្ស៊ីជាប់លេខ​៥ ហើយ ប្រទេសផ្សេងទៀតជាប់ចំណាត់ថ្នាក់កំពូលទាំង​១០ គឺប៉ាគីស្ថាន កូរ៉េខាងត្បូង អ៊ីរ៉ង់ និងអេហ្ស៊ីប។

វៀតណាមមានប្រជាជនឈានដល់អាយុចូលបម្រើកងទ័ព ១,៦៥ លាននាក់រាល់ឆ្នាំ។ វៀតណាមឥឡូវមាននាវាមុជទឹក ៦ គ្រឿង យន្តហោះចម្បាំង Su-30 MK2 ច្រើនគ្រឿង ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ មីស៊ីលបាញ់ពីដីទៅឆ្នេរសមុទ្រ ប្រព័ន្ធរ៉ាដា​ អង្គភាពស៊ើបការណ៍សម្ងាត់ និង អង្គភាពរថពាសដែក។

ក្នុងឆ្នាំ ២០១៨ វៀតណាមបានចំណាយ ៥,៨ ពាន់លានដុល្លារលើវិស័យយោធា៕