ជនជាតិចិនចំនួន ១៦នាក់ ត្រូវបណ្តេញចេញពីកម្ពុជា ទៅប្រទេសដើមវិញ!
ព័ត៌មាន
206

រាជធានីភ្នំពេញ៖ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី (ស្តីទី) សហការជាមួយ ប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញនូវជនជាតិចិនចំនួន ១៦នាក់។

លោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស្តីទី បានឲ្យដឹងថា ជនសង្ស័យចំនួន ១៥នាក់ ទទួលមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងជនសង្ស័យចំនួនម្នាក់ទៀត ទទួលមកពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌ ប្រព្រឹត្តនៅប្រទេសចិន ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ ចំនួន ១៥នាក់ និងជាស្ថាពរ ចំនួនម្នាក់តាមជើងយន្តហោះ KR929 ព្រមទាំងមានការចូលរួមសហការពីសំណាក់តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមត្ថកិច្ចនគរបាល ពីប្រទេសចិន មកទទួល និងអមដំណើរទៅប្រទេសចិនវិញ៕