បញ្ជូនខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធបង្ខាំងជំរិតទារប្រាក់ និងឲ្យជនរងគ្រោះចុះកិច្ចសន្យាប្រគល់សណ្ឋាគារឲ្យពួកគេ ដែលជាចិនដូចគ្នាទៅកាន់តុលាការ
ព័ត៌មាន
237

ភ្នំពេញ៖ នគរបាលខណ្ឌ៧មករា ធ្វើការបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន២នាក់ ពាក់ព័ន្ធរឿងបង្ខាំង និងជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ ។

សូមបញ្ជាក់ថា ៖ ជនសង្ស័យចំនួន២នាក់ជាជនជាតិចិន ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹត ធ្វើការចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពប្រើហិង្សាទៅលើជនជាតិចិនដូចគ្នា ដើម្បីកំហែងយក និងគំរាមសម្លាប់ ប្លន់ថែមទៀត ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ និងបានកើតឡើងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ចំណុចសណ្ឋាគារ សៅអាស៊ី វីយូស្ថិតនៅផ្ទះលេខ៥៣ ផ្លូវ​លេខ​១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១មានឈ្មោះ Hong Leang ជន​ជាតិចិន និងទី២ឈ្មោះ Mr Pan ជនជាតិចិន បានធ្វើសកម្មភាព យកកាំបិតទៅគំរាម និងវាយតប់លើជនរង​គ្រោះ ឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ជនជាតិចិន ដើម្បីកំហែងយកប្រាក់ និងសម្ភារៈជា​ច្រើនទៀត រួមទាំងបង្ខំឲ្យចុះហត្ថលេខាលើ​កិច្ចសន្យាប្រគល់សណ្ឋាគារ សៅអាស៊ី វីយូ ឲ្យពួកគេ។ ខណៈដែលជនសង្ស័យទាំងនេះ មានគ្នាចំនួន៥នាក់ តែត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួនបាន២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការបន្តតាមនីតិវិធីច្បាប់៕