​ចារកម្មអ៊ីស្រាអែល បានជួយអាមេរិកក្នុងការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់Soleimani
ព័ត៌មានអន្តរជាតិ
469

បរទេស៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានពឹងផ្អែកលើការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ដើម្បីធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Dailymail នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

គួរជម្រាបថា Soleimani ប្រធានកងកម្លាំងឃូដនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅពេលលោកSoleimani ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Baghdad បន្ទាប់ពីហោះហើរពីទីក្រុងដាម៉ាសកាលពីថ្ងៃទី ៣ មករា។

ក្នុងនោះបើយោងតាមទូរទស្សន៍ NBC News និងទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអាទិត្យទី១២មករាថា អ្នកផ្តល់ព័ត៌មានសម្ងាត់នៅទីក្រុង Damascus បានប្រាប់តម្រុយដល់ទីភ្នាក់ងារ CIA អំពីជើងហោះហើរមួយណាដែល Soleimani នឹងជិះ ហើយចារកម្មអ៊ីស្រាអែលបានបញ្ជាក់និងអះអាងលើព័ត៌មាននោះ។

មិនតែប៉ុណ្ណោះ យោងតាមសារព័ត៌មាន New York Times បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu គឺជាមេដឹកនាំបរទេសតែមួយគត់ដែលដឹងអំពីផែនការធ្វើឃាតនេះ ក្រោយពីបាននិយាយទៅកាន់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ជាមុន។

មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ Reuters ថាក្រុមអ្នកស៊ើបអង្កេតអ៊ីរ៉ាក់ជឿថាសហរដ្ឋអាមេរិកត្រូវបានជួយដោយមន្រ្តីសន្តិសុខពីរនាក់នៅឯព្រលានយន្តហោះ Baghdad និងបុគ្គលិកពីរនាក់របស់ក្រុមហ៊ុន Cham Wings ពោលគឺជាក្រុមហ៊ុនអាកាសចរណ៍ដែល Soleimani បានប្រើដើម្បីហោះទៅប្រទេសអ៊ីរ៉ាក់។

ប្រភពពី Reuters បាននិយាយថា បុគ្គលិកម្នាក់របស់ Cham Wings គឺជាចារកម្មនៅឯអាកាសយានដ្ឋាន Damascus និងម្នាក់ទៀតធ្វើការនៅលើយន្តហោះ។

ប្រភពនិយាយទៀតថា ក្រុមអ្នកស៊ើបអង្កេតអ៊ីរ៉ាក់ជឿថា អ្នកផ្តល់ព័ត៌មានទាំង ៤ នាក់ ដែលគេមិនចាប់ខ្លួនទាំងនោះ បានធ្វើការជាមួយក្រុមមនុស្សដ៏ធំ ដែលផ្តល់ព័ត៌មានដល់យោធាអាមេរិក។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​បានចេញសេចក្តីថ្លែងការណ៍អំពីការវាយប្រហារនៅថ្ងៃបន្ទាប់ ដោយនិយាយថា សហរដ្ឋអាមេរិកមានសិទ្ធិការពារខ្លួន ដោយការសម្លាប់លោកសូឡីម៉ានី។

លោកបានមានប្រសាសន៍ថា«ដូចជាអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន សហរដ្ឋអាមេរិកក៏មានសិទ្ធិដូចគ្នាដែរ»។

លោកQassem Soleimani ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់ពលរដ្ឋអាមេរិកនិងប្រជាជនស្លូតត្រង់ជាច្រើន។ លោក​កំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត​៕