ផ្អើលខ្លាំង! សមត្ថកិច្ចនាំខ្លួនជនសង្ស័យដែលសម្លាប់ស្ត្រីអ្នករកស៊ីចងការប្រាក់ មកយកចិញ្ចៀនពេជ្រ ដែលជនសង្ស័យយកមកបញ្ចាំ (មានវីដេអូ)
ព័ត៌មាន
4.8K

ភ្នំពេញ៖ នៅវេលាម៉ោង ៣និង៤១នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចខណ្ឌមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉េង វិមានតារា បានធ្វើការនាំខ្លួនជនសង្ស័យជាឃាតក ដែលបានធ្វើសកម្មភាពសម្លាប់ស្ត្រីម្នាក់ ដែលជាអ្នកចងការប្រាក់យ៉ាងរន្ធត់ មកយកចិញ្ចៀនពេជ្រ ដែលជនសង្ស័យយកមកបញ្ចាំ ។ ពេលនេះកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចជាច្រើននាក់ បាននាំខ្លួនជនសង្ស័យជាជនដៃដល់ និងជាម្តាយបង្កើត របស់តារាចម្រៀង ដ៍ល្បី គឺកញ្ញា ពេជ្រ សូលីកា មកធ្វើត្រាប់សកម្មភាពក្រោយសម្លាប់ស្ត្រីអ្នកចងការប្រាក់ម្នាក់យ៉ាងរន្ធត់ ដោយសារភ្លើងប្រច័ណ្ឌស្រីស្រឡាញ់ស្រី ព្រោះមិនឃើញជនរងគ្រោះពាក់ចិញ្ចៀនពេជ្រ សង្ស័យលួចទាក់ទងនឹងស្រីផ្សេង ។

ករណីឃាតកម្មនេះបានកើតឡើងក្នុងបុរីវីឡាTown ក្រោយស្ត្រីអ្នកចងការប្រាក់ម្នាក់ ត្រូវបានជនសង្ស័យជាឃាតក ដែលជាម្តាយរបស់កញ្ញា ពេជ្រ សូលីកា បានធ្វើសកម្មភាពចាប់ផ្ទប់មុខ ជាមួយខ្នើយកើយ បណ្តាលឲ្យថប់ដង្ហើមស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះលេខL៤២A ផ្លូវលេខV១៦A ក្នុងបុរីវីឡាTown ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវបានគេស្គាល់ថាជាម្តាយរបស់កញ្ញា ពេជ្រ សូលីកា ។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យធ្វើសកម្មភាពសម្លាប់ មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវលេខ១៣៤ សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ (ស្លាប់ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង) ។

ចំណែកសម្ភារៈបាត់បង់រួមមាន ចិញ្ចៀនពេជ្រចំនួន០២វង់ (០១វង់មានដាំពេជ្រធំល្មមចំនួន០៣គ្រាប់ និង០១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ ) ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យ ដែលជាម្តាយរបស់កញ្ញា ពេជ្រ សូលីកា ដែលមានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា នៅចំណុចផ្ទះកើតហេតុ។ ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ជនសង្ស័យក៏បានទារលុយចំនួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យ ក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ.ជើង ដូចមនុស្សស្រវឹងស្រាជោគជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយ រហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា ។

លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង៤០នាទី ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារមករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។

បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ ឃើញមានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម (ពាក់ព័ន្ធករណីឃាតកម្ម) ក្នុងពេលនោះសមត្ថកិច្ចមានការសង្ស័យទៅលើជនសង្ស័យដែលជាម្ចាស់ផ្ទះ ក៏បាននាំខ្លួនយកទៅសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យ បានព្យាយាមឆ្លើយភូតកុហក់អស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យព្រមឆ្លើយសារភាពថា រូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ។

ជាមួយគ្នានោះឈ្មោះ សុខ នី (ត្រូវជាបងស្រីបង្កើតជនរងគ្រោះ) បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕