ពលរដ្ឋថៃរាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ និងទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង
ព័ត៌មានអន្តរជាតិ
674

បរទេស៖ ប្រជាពលរដ្ឋថៃរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅក្នុងរាជធានីបាងកក កាលពីថ្ងៃអាទិត្យដើម្បីធ្វើការតវ៉ាប្រឆាំង​រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា យ៉ាងធំធេងបំផុតមិនធ្លាប់មាន ខណៈសន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង នៅក្នុងរាជធានី ដែលធ្លាប់ទទួលរងការបំផ្ទុះគ្រាប់បែកជាច្រើនករណីនេះ។​ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

​​គួរបញ្ជាក់ថា ប្រជាពលរដ្ឋថៃបានប្រមូលផ្តុំគ្នា នៅឯឧទ្យានធំមួយក្នុងទីក្រុងបាងកក តាំងតែពីពេលថ្ងៃមិនទាន់រះម្ល៉េះ។ ពួកគេបានស្លៀកសំលៀកបំពាក់ជាអត្តពលិក ជាមួយស្បែកជើងប្រកបដោយពណ៌ចំរុះ ដើម្បីសម្តែងការប្រឆាំងទៅ «របបផ្តាច់ការ» ដែលពួកគេចោទទៅលើនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា។​ ដោយបាតុករភាគច្រើនបានស្រែកថា «ប្រាយុទ្ធ ចុះចេញទៅៗ! ប្រជាធិបតេយ្យយូរអង្វែងៗ!» ខណៈពួកគេកំពុងដើរដង្ហែរក្បួន ក្នុងរយៈចម្ងាយផ្លូវ ២.៦គីឡូម៉ែត្រ បើទោះបីជាកងកម្លាំងការពារសន្តិសុខ បានព្យាយាមហាមឃាត់យ៉ាងណាក៏ដោយ។ ក្រុមអ្នកតវ៉ាបានក៏បានលើករូបថត មេបក្សប្រឆាំងធំមួយ ដែលត្រូវបានតុលាការថៃសម្រេច ដកចេញពីសមាជិកសភាផងដែរ យកធ្វើជាឧទាហរណ៍នៃការបាត់បង់លទ្ធិប្រជាធិបតេយ្យ។

គួរជម្រាបថា ប៉ូលិសថៃបានអះអាងថា បាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ មានអ្នកចូលរួមប្រមាណ ១២,៧៤៥នាក់​៕​