​ហ្វីលីពីន ​បញ្ជូននាវាយោធា និងកងកម្លាំង​​​ជម្លៀសពលរដ្ឋខ្លួនចេញជាបន្ទាន់ពីតំបន់​មជ្ឈិមបូព៌ាដែលកំពុងក្តៅគគុក​!
ព័ត៌មានអន្តរជាតិ
317

បរទេស៖ រដ្ឋាភិបាលហ្វីលីពីន នឹងបញ្ជូននាវាយោធាចំនួនពីរគ្រឿង អមដោយកងកម្លាំងមួយចំនួនទៀត ដើម្បីបំពេញប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋខ្លួន ដែលកំពុងបម្រើការងារជាពលករ នៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍​នៅទីនោះ កំពុងតែក្តៅគគុកឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

ជុំវិញស្ថានការណ៍បច្ចុប្បន្ន រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានបញ្ជាក់ប្រាប់សារព័ត៌មាននានា នៅក្នុងរដ្ឋធានីម៉ានីលថា លោកប្រធានាធីបតី រ៉ូទ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាឲ្យបញ្ជូននាវាផ្ទុកយោធាពីរគ្រឿង ដោយមិនមានបំពាក់អាវុធ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជម្លៀសពលករហ្វីលីពីនរាប់ពាន់នាក់ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ង់កំពុងតែពុះកញ្ជ្រោល។

លោក Lorenzana បានសង្កត់ធ្ងន់​ថា «ខ្ញុំនឹងមិនអាចឲ្យការបញ្ជូននាវាយោធាទៅកាន់មជ្ឈិមបូព៌ា ធ្វើឡើងដោយគ្មានការជូនដំណឹងជាមុននោះឡើយ ព្រោះតែបណ្តាប្រទេសនៅក្នុងតំបន់នោះ កំពុងតែស្ថិតនៅក្នុងស្ថានភាពប្រុងជើងការ។ នាវាយោធាទាំងពីរគ្រឿងអមដោយកងកម្លាំង នឹងត្រូវបំពេញប្រតិបត្តិការសង្គ្រោះជនស៊ីវិលប៉ុណ្ណោះ ហើយពួកគេនឹងមិនគួរបំពាក់អាវុធអ្វីនោះឡើយ...»។

គួររម្លឹកថា ​ លោក Eduardo Menez (អេដឌូដូ មេនេស) អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា «កម្រិតប្រកាសអាសន្ននៅក្នុងប្រទេសអ៊ីរ៉ាក់ទាំងមូល បានឡើងដល់ការប្រកាសអាសន្នកម្រិតទី៤ហើយ ដែលអំពាវនាវ ឲ្យមានការជម្លៀសចេញជាចាំបាច់» ។ ខណៈដែល ប្រជាជនហ្វីលីពីនប្រមាណ ២,៣ លាននាក់ កំពុងធ្វើការនៅមជ្ឈឹមបូព៌ា ដូចជា អេមីរ៉ាត់អារ៉ាប់រួម កាតា គុយវ៉េត បារ៉ែន និងអារ៉ាប៊ីសាអូឌីតជាដើម​។

អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន គឺលោក Salvador Panelo (សាលវ៉ាឌ័រ ប៉ានីឡូ) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ប្រធានាធិបតី Rodrigo Duterte ​បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ទ័ពអាកាស និងកងទ័ពជើងទឹក សម្រាប់ការជម្លៀសប្រជាជនហ្វីលីពីននៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសអារ៉ាប់ដែលនៅក្បែរនោះ ក្រោយពីអ៊ីរ៉ង់បានបើកការវាយប្រហារ ផ្លោងគ្រាប់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់​៕​​