ក្តៅៗ!! អ៊ុយក្រែន ទាមទារឲ្យអ៊ីរ៉ង់កាត់ទោស​អ្នកដែលច្រឡំបាញ់ទម្លាក់យន្តហោះ​ និងផ្តល់សំណងដល់ជនរងគ្រោះ ហើយធ្វើការសុំអភ័យទោសជាផ្លូវការ!
ព័ត៌មានអន្តរជាតិ
514

បរទេស៖ ​ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) បានប្រកាសទាមទារឲ្យអ៊ីរ៉ង់ដាក់ទោស អ្នកដែលបានបង្កឲ្យយន្តហោះ នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនធ្លាក់ និង​ផ្តល់សំណងដល់ជនរងគ្រោះ ហើយធ្វើការសុំអភ័យទោសជាផ្លូវការ និងប្រគល់អដ្ឋិធាតុជនរងគ្រោះ​។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Aljazeera នារសៀលថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងនៅថ្ងៃសៅរ៍នេះភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានសារភាពថា ខ្លួនពិតជាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ អ៊ុយក្រែនសម្លាប់មនុស្សទាំងអស់​១៧៦​នាក់​កាលពីថ្ងៃទី​៨ ខែមករា ​នៅថ្ងៃតែមួយដែលអ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានយោធាអាមេរិក ក្នុងការសងសឹកចំពោះក្រុងវ៉ាស៊ីនតោនចំពោះការធ្វើឃាតមេដឹកនាំកំពូលយោធាអ៊ីរ៉ង់ Qassem Soleimani គឺដោយអចេតនា ព្រោះតែកំហុសបង្កឡើងដោយកត្តាមនុស្ស។

​តាមរយៈសារដែលត្រូវបានបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនរូបនេះ​ថា​«អ៊ីរ៉ង់បានសារភាពកំហុសចំពោះការធ្លាក់យន្តហោះអ៊ុយក្រែន។ ប៉ុន្តែយើងទទូចសុំឱ្យមានការទទួលខុសត្រូវពេញលេញ»។

​​លោកបានមានប្រសាសន៍ថា​ «យើងរំពឹងថា... អ៉ីរ៉ង់នឹងនាំពិរុទ្ធជនទៅកាត់ទោសចំពោះមុខតុលាការ ព្រមទាំងធ្វើការទូទាត់សំណង ហើយនិងប្រគល់មកវិញនូវអដ្ឋិធាតុនៃជនរងគ្រោះទាំងឡាយ...។ យើងសង្ឃឹមថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើង ដោយគ្មានការពន្យាពេលដោយចេតនា ព្រមទាំងគ្មានការរាំងស្ទះនោះឡើយ»។

លោកបានបន្ថែមថា« អ្នកជំនាញទាំង​៤៥ នាក់របស់យើងត្រូវតែទទួលបានសិទ្ធិពេញលេញនិងសហប្រតិបត្តិការដើម្បីបង្កើតភាពយុត្តិធម៌»។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក មហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបង្ហោះសារដោយសម្តែងការសោកស្តាយ និងសូមអភ័យទោស ក៏ដូចជាការចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ បន្ទាប់ពីការទទួលស្គាល់ថា ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ពិតជាបានច្រឡំ បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលនាំឲ្យមនុស្សចំរុះជាតិសាសន៍ ១៧៦នាក់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែមករា នោះមែន។

បន្ថែមពីការទទួលស្គាល់កំហុសនេះ អ៊ីរ៉ង់ក៏បានសន្យានាំយកជនទាំងឡាយ ដែលពាក់ព័ន្ធក្នុងករណីនេះ ទៅទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ្សារីហ្វ បានគូសបញ្ជាក់ថា «យន្តហោះនោះបានធ្លាក់ដោយសារការភ័ន្តច្រឡំរបស់មនុស្ស នៅកំឡុងពេលដែលភាពចលនាត្រូវបានបង្កឡើង ដោយផែនការខ្មៅងងឹតរបស់អាមេរិក»។

យន្តហោះ Boeing 737 នៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅវេលាព្រឹកព្រហាមថ្ងៃពុធ ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិក សម្លាប់នៅទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់៕

ប្រភព៖ Aljazeera