អ៊ីរ៉ាក់ ប្រាប់​ឲ្យអាមេរិក បញ្ជូនក្រុមការងារ ដើម្បីចាប់ផ្តើមការរៀបចំដកកងទ័ពអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់​
ព័ត៌មានអន្តរជាតិ
406

បរទេស៖ សេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Adel Abdul-Mahdi បានប្រាប់ទៅរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ដើម្បីឲ្យបញ្ជូនគណៈប្រតិភូ មកកាន់ប្រទេសអីរ៉ាក់ សម្រាប់ការចាប់ផ្តើមត្រៀមរៀបចំខ្លួនដកកងទ័ពអាមេរិកចេញពីប្រទេសរបស់លោក។ នេះបើបើយោងតាមការចេញ​ផ្សាយពី​​សារព័ត៌មាន Voice of America នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះ របស់ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Abdel Mahdi ក្នុងកំឡុងកិច្ចសន្ទានា តាមខ្សែទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានដាក់សំណើថា អាមេរិកត្រូវបញ្ជូនក្រុមការងារមក ប្រទេសអ៊ីរ៉ាក់ ដើម្បីចាប់ផ្តើមអនុវត្តសេចក្តីសម្រេចរបស់សភាអ៊ីរ៉ាក់ ដែលបានកំណត់ឲ្យកងកម្លាំងបរទេស ត្រូវដកចេញទៅវិញ ពីក្នុងទឹកដីរបស់អ៊ីរ៉ាក់ ក្រោយឈរជើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុនសភាអ៊ីរ៉ាក់ បានបោះឆ្នោតគាំទ្រឲ្យបណ្តេញ កងទ័ពបរទេសទាំងអស់ចេញពីប្រទេសអីរ៉ាក់ បន្ទាប់ពី អាមេរិកបានប្រើយន្តហោះដ្រូនវាយប្រហារនៅទីក្រុងបាកដាដរបស់អ៉ីរ៉ាក់ ដើម្បីផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៉ីរ៉ង់ លោក Qassem Soleimani ហើយការវាយប្រហារនោះក៏បានផ្តាច់ជីវិតលោក Abu Mahdi al-Muhandis ដែលជាមេកងជីវពលអ៉ីរ៉ាក់ម្នាក់ផងដែរ។ ពេលនោះក្រោយសភាអ៉ីរ៉ាក់ទាមទារឲ្យកងកម្លាំងបរទេសត្រូវដកចេញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងទាមទារឲ្យទីក្រុងបាកដាដសងលុយរាប់ពាន់លានដុល្លារសម្រាប់ការសាងសង់មូលដ្ឋានទ័ពនៅអ៉ីរ៉ាក់ និងព្រមានដាក់ទណ្ឌកម្ម ឲ្យធ្ងន់ ថែមទៀត។

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បាននិយាយថា ប្រទេសរបស់លោកបដិសេធរាល់ការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន រួមទាំងការដាក់កាំជ្រួចមីស៊ីលផ្លោងដែលកងកម្លាំងអ៊ីរ៉ង់បានបាញ់ចំគោលដៅប្រឆាំងនឹងកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយក៏ជាការរំលោភរបស់អាមេរិកចំពោះដែនអាកាសអ៊ីរ៉ាក់នៅក្នុងការវាយប្រហារតាមអាកាសដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់កាលពីសប្តាហ៍មុន។

គួរជម្រាបថា កងទ័ពអាមេរិកប្រមាណ៥,២០០នាក់ កំពុងឈរជើងនៅតាមមូលដ្ឋានទ័ពពាសពេញប្រទេសអ៉ីរ៉ាក់ ដើម្បីផ្តល់ការ ហ្វឹកហាត់ក៏ដូចជាជួយកងទ័ពអ៉ីរ៉ាក់ ទប់ស្កាត់ការងើបឡើងវិញនៃក្រុមភេរវករ ISIS។ កងទ័ពអាមេរិកទាំងនោះ ស្ថិតក្នុងចំណោម កងកម្លាំងយោធាចម្រុះអន្តរជាតិ ដែលរដ្ឋាភិបាលអ៉ីរ៉ាក់បានហៅឲ្យមកជួយខ្លួនទប់ទល់ជាមួយពួក ISIS កាលពីឆ្នាំ២០១៤ ខណៈ ការដាក់ពង្រាយកងទ័ពបរទេសទាំងនោះនៅក្នុងទឹកដីអ៉ីរ៉ាក់ ត្រូវបានធ្វើឡើងក្រោមការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរ ប៉ុន្តែមិនមានការផ្តល់សច្ចានុម័តពីសភាអ៉ីរ៉ាក់ឡើយ៕​

ប្រភព៖ Voice of America