កូនប្រុសតារាកំប្លែង នាយក្តិប ត្រូវរថយន្តបុកផ្តាច់ជីវិតលើផ្លូវជាតិលេខ៦អា
កម្សាន្ត
3.98K

ភ្នំពេញ៖ កូនប្រុសបង្កើតរបស់តារាកំប្លែង នាយក្តិប ដែលជាអ្នករត់កង់បីឥណ្ឌា ត្រូវបានរថយន្តនីសាន់ បុកផ្តាច់ជីវិតយ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦អា ស្ពានទី១ ក្បែរវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3961 បើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បានបុកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HR-8111 ដែលបើកបរដោយកូនប្រុសរបស់នាយក្តិប ពេញទំហឹង បណ្ដាលឲ្យការខូចខាត រួចបន្តទៅបុកផើងផ្កាប្រជាពលរដ្ឋថែមទៀត ។ ចំណែកកូនរបស់តារាកំប្លែងនាយក្តិប បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែអកុសលបានស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕