​វីរកីឡាការិនី​ កែ ឡេង ត្រូវ​បាន​ដំឡើងឋានន្តរស័ក្តិផ្កាយ២

សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិរៀបចំកីឡាស៊ីហ្គេមលើកទី២៣ បានបំពាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ​២) ជូន​វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤សម័យកាល។ ការ​បំពាក់​ស័ក្តិ​នេះ ធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ​២០១៩ និង​ទិស ដៅអនុវត្តបន្ត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

វីរកីឡាការិនី កែ ឡេង បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​សារ​ជា​ថ្មី​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ឯកត្ត​ជន​នារី ក្រោយយកឈ្នះកីឡាការិនីឡាវ Bivilak Thepphkan នៅវគ្គផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនី កែ ឡេង​បាន​យក​ឈ្នះ​កីឡា​ការិនី មីយ៉ាន់ម៉ា​នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកស្រី កែ ឡេង បានឈ្នះជើងឯកពិភពលោក ៤សម័យកាលជាប់គ្នារួចមកហើយ គឺ៣លើកមុន កីឡា​ការិនី កែ ឡេង បានឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសបារាំង ឆ្នាំ២០១៣, បន្ទាប់​មកនៅប្រទេសថៃនៅឆ្នាំ២០១៥ នៅប្រទេសចិន ក្នុងឆ្នាំ២០១៧ និង​ចុង​ក្រោយ​នេះ​នៅ​ឆ្នាំ​២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕