​Ronaldo ពាក់សុទ្ធតែពេជ្រនៅក្នុងសន្និសីទកីឡាមួយនៅទីក្រុងឌូបៃ​ តម្លៃជាង១លានដុល្លារ

កី​ឡាករ Cristiano Ronaldo ត្រូវបានគេប្រទះឃើញពាក់សុទ្ធតែពេជ្រនៅក្នុងសន្និសីទកីឡាមួយនៅទីក្រុងឌូបៃកាលពីថ្ងៃសៅរ៍ ដោយពាក់នាឡិកាពេជ្រម៉ាក Rolex ដ៏កម្រនិងចិញ្ចៀនភ្ជាប់ពាក្យស្រី ដែលគេប៉ាន់ស្មានថាមានតម្លៃ​២០​ម៉ឺនផោន​(២៦ ម៉ឺនដុល្លារ)។

កីឡាករបាល់ទាត់អាជីពរូបនេះ មិនមែនចម្លែកឡើយក្នុងការពាក់គ្រឿងអលង្ការ ដោយបង្អួតគ្រឿងអលង្ការដាំពេជ្រ ហើយគេក៏ឃើញចិញ្ចៀនរៀបការ ដែលមានតម្លៃ​៥​ម៉ឺនផោន បើទោះបីជាបែកធ្លាយពាក្យចចាមអារ៉ាមកាលពីមុនគាត់បានភ្ជាប់ពាក្យជាមួយមិត្តស្រី Georgina Rodríguez។

ក្នុងអំឡុងកិច្ចសម្ភាសន៍នៅសន្និសីទកីឡាអន្តរជាតិឌូបៃលើកទី ១៤ កីឡាកររបស់ក្លឹបសេះបង្កង់ Juventus កីឡាករអាយុ ៣៤ ឆ្នាំបានបង្ហាញនូវនាឡិកាម៉ាក Rolex GMT-Master Ice ដែលមានតម្លៃ ៣៨០.០០០ ផោន។

វាជានាឡិកាដែលថ្លៃជាងគេបំផុតរបស់ម៉ាក Rolex ដែលផលិតដោយមាស ១៨ ការ៉ាត់ និងពេជ្ររាប់រយ ៣០ ការ៉ាត់។ ហើយគ្រាន់តែគ្រឿងអលង្ការលើដៃរបស់តារាបាល់ទាត់រូបនេះ គឺជាងមួយលានដុល្លារឯណោះ៕

ប្រភព៖ Mirror