អាមេរិកបាញ់តេស្តមីស៊ីលវិញម្តង ​ក្រោយព្រមានកូរ៉េខាងជើងមិនឲ្យបង្កហេតុផ្តេសផ្តាស!!
ព័ត៌មានអន្តរជាតិ
252

បរទេស៖ សហរដ្ឋអាមេរិកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ​បានធ្វើតេស្តបាញ់មីស៊ីលផ្លោងបាលីស្ទិក (មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) រយៈចម្ងាយមធ្យមមួយគ្រាប់ ដែលវាគឺជាការបាញ់សាកល្បងលើកទីពីរហើយ គិតក្នុងអំឡុងពេល ០៤ខែកន្លងមកនេះនៃការតេស្តប្រភេទមីស៊ីលផ្លោង ដែលអាចប្រើសម្រាប់វាយប្រហារ ហើយដែលសន្ធិសញ្ញាមីស៊ីល INF រវាងអាមេរិក និងរុស្ស៊ីបានហាមឃាត់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានចាកចេញពីសន្ធិសញ្ញានេះ កាលពីខែសីហារួចទៅហើយ។ នេះបើយោង​តាមការចេញផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

កងទ័ពអាកាសអាមេរិកបានបាញ់តេស្តគ្រាប់មីស៊ីលខាងលើ ចេញពីមូលដ្ឋានទ័ពអាកាស វ៉ាន់ដិនប៊ឺក (Vandenberg) ដែលស្ថិតនៅភាគពាយ័ព្យទីក្រុងឡូសអាន់ជែឡែស (Los Angeles)។ មីស៊ីលនោះដែលបាញ់ចេញលើគោក បានហោះក្នុងចម្ងាយឆ្ងាយជាង ៥០០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ជុំវិញព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានលើកឡើងថា ទិន្នន័យដែលបានមកពីការធ្វើតេស្តនេះ នឹងជួយដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព មីស៊ីលផ្លោងរបស់សហរដ្ឋអាមេរិកបន្ថែមទៀត។

គួរជម្រាបថា ការបាញ់សាកល្បងមីស៊ីលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺជាការធ្វើតេស្តជាលើកទីពីរ នៃមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ប្រភេទបាញ់ចេញពីលើគោក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន គិតតាំងពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញា Intermediate-Range Nuclear Forces (INF) ជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ។

ប្រសិនបើអាមេរិកនៅជាប់ក្នុងសន្ធិសញ្ញាខាងលើនេះ គឺការធ្វើតេស្តមីស៊ីលផ្លោងទាំងពីរខាងលើ មិនអាចប្រព្រឹត្តទៅបានទេ រួមទាំងការធ្វើតេស្តមីស៊ីលប្រភេទ Cruise Missile មួយទៀតកាលដែលធ្វើឡើង កាលពីសីហា។ កាលពីថ្ងៃទី០២ ខែតុលា កងទ័ពអាកាសអាមេរិកក៏បានបាញ់តេស្ត មីស៊ីលផ្លោងឆ្លងទ្វីប Minuteman 3 ផងដែរ។

ការធ្វើតេស្តមីស៊ីលទាំងនេះអាចចាត់ទុកជាសញ្ញាមួយដល់កូរ៉េខាងជើង ដែលបានព្រមាននឹងជូនកាដូពិសេសមួយសម្រាប់បុណ្យអូណែល ដល់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនបន្ទន់គោលជំហររបស់ខ្លួន។ យ៉ាងណាមិញ ការធ្វើតេស្តមីស៊ីលប្រភេទទាំងនេះ ជាទូទៅត្រូវបានគេគ្រោងទុកជាមុនប៉ុន្មានខែឯណោះ៕

ប្រភព៖ Channel News Asia