​​Liverpool កំពុងពិភាក្សាដោះដូរ នាំយកកីឡាករជប៉ុនមួយរូប ​ក្នុងតម្លៃ៧.២៥លានផោន

ក្រុមហង្សក្រហម Liverpool កំពុងតែពិភាក្សាគ្នាទៅលើការដោះដូរជាមួយ ក្រុម Red Bull Salzburg ដើម្បីចុះកុងត្រាខ្សែប្រយុទ្ធជប៉ុន Takumi Minamino ក្នុងតម្លៃ​៧.២៥លានផោន។

បើតាមប្រធានផ្នែកកីឡារបស់ Salzburg លោក Christoph Freund បានបញ្ជាក់ថា Liverpool កំពុងតែពិភាក្សា ក្នុងការចុះហត្ថលេខាទៅលើកីឡាករជប៉ុន វ័យ២៤ឆ្នាំ ដែលមានតំលៃផ្ដាច់កុងត្រា ៧.២៥លានផោន ។

យ៉ាងណាមិញ បើតាមការរាយការណ៍កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ក្លឹបហង្សក្រហម មានបំណងនាំយកកីឡាកររូបនេះ​មកចូលរួម នៅទឹកដី Anfield នាខែមករាខាងមុខ បន្ទាប់ពីរូបគេបានសាងភាពលេចធ្លោក្នុងការប្រកួតនៅ Champions League។

លោក Freund បាននិយាយថា៖ «ខ្ញុំអាចបញ្ជាក់បានថា មានការពិភាក្សាគ្នាជាមួយនឹង Liverpool។ វាជាកិត្តិយសណាស់ ដែលមានក្លឹបបែបនេះមកចាប់អារម្មណ៍កីឡាកររបស់យើង»។​

Minamino រកគ្រាប់បាល់បាន៩គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន ១១គ្រាប់ នៅក្នុងការបង្ហាញខ្លួន ២២ប្រកួត គ្រប់ពានរង្វាន់ទាំងអស់រដូវកាលនេះ៕

ប្រភព៖ Theguardian