ជនសង្ស័យជាចោរលួចរថយន្តម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន
ព័ត៌មាន
450

ភ្នំពេញ​៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង ៣០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១១ ភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងនោះ កម្លាំងជំនាញបានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខា ស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ ដែលបានបាត់រថយន្ត០១គ្រឿង ម៉ាក HYUNDAI MIGHTY (ប្រភេទដឹកទំនិញ ២.៥តោន) ពណ៌ស ផលិតឆ្នាំ២០០៥ កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រកាណាឌីយ៉ា ម្តុំលក់ទឹកត្នោតជូរ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ អែម ចាន់ឌី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នសា្នក់នៅបន្ទប់ជួល ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានលួចយករថយន្តខាងលើពិតប្រាកដមែន ដោយធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ នៅពេលលួចបាន ខ្លួនបានយករថយន្តខាងលើមកផ្លុងចោលនៅដីទំនេរមួយកន្លែង ខាងកើតវត្តអង្គតាមិញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕