ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះ ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចជួយបាញ់ពន្លត់ទាន់ពេលវេលា
ព័ត៌មាន
496

ខេត្តព្រៃវែង៖ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ផ្អើលរត់ជាន់ជើងគ្នា និងសមត្ថកិច្ចមូលដ្ឋានចេញអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចភូមិជំនិក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ 

ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ មានទំហំ (៦ម៉ែត្រx១២ម៉ែត្រ) សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ដែលមានម្ចាស់ឈ្មោះ ប្រាក់ សារ៉ឺន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិជំនិក ឃុំកំពង់ពពិល បណ្តាលឲ្យខូចខាតផ្ទះប្រហែល ២០% និងខូតខាតសម្ភារមួយចំនួនដូចជាៈ ជញ្ជាំងផ្ទះ ១ផ្ទាំង, សសរ ១ដើម, ដំបូល ១ជ្រុង, ពូក ១, កង្ហារ ៣គ្រឿង, ទូរទស្សន៍ ១គ្រឿង រួមទាំងសម្ភារមួយចំនួនទៀត។ 

សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ៥,០០០,០០០រៀល។ សំណាងល្អអគ្គិភ័យខាងលើនេះ មិនបណ្តាលអោយមានមនុស្សរងរបួសទេ។ ចំពោះមូលហេតុមកពីទុស្សេខ្សែភ្លើងកង្ហារ ។

កម្លាំងនគរបាល និងប្រជាពលរដ្ឋ ចុះជួយពន្លត់បានទាន់ពេលវេលា មិនឲ្យឆាបឆេះទៅផ្ទះជិតខាង ហើយក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹក១រថយន្ត៕