ផឹកចំស្រាកាច!!! ផឹកស្រវឹងទាស់សម្តី ប្រតាយប្រតប់គ្នា ម្ខាងទាញបានដំបង ម្ខាងទាញបានកូនកាំបិត មួយចូលពេទ្យ មួយចូលគុក
ព័ត៌មាន
487

សៀមរាប៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពួក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយផឹកស្រវឹងឈ្លោះគ្នា ឈានដល់ប្រើដំបង និងកាំបិតចុងស្រួចចាក់បណ្តាលឲ្យរងរបួសធ្ងន់ ។

ជនសង្ស័យឃាត់ខ្លួនខាងលើនេះមានឈ្មោះ សារឿន រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែ មុខរបរកសិករ រស់នៅ ភូមិគោកត្រាច ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។

បើតាមប្រភពពីលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានបញ្ជាក់ឲ្យដឹងថា  នៅវេលាម៉ោង២២:៣០នាទី ថ្ងៃទី ០៦ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិគោកត្រាច ឃុំរើល ស្រុកពួក ខេត្តសៀមរាប ជនសង្ស័យ ឈ្មោះ សារឿន រ៉ា បានផឹកស៊ីស្រវឹងទំនាស់ពាក្យសំដីជាមួយជនរងគ្រោះ ឈ្មោះ រើន រ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ នៅភូមិ-ឃុំកើតហេតុជុំគ្នា រហូតឈានដល់ការប្រើអំពើហិង្សា ដោយជនរងគ្រោះ ឈ្មោះ រើន រ៉ាត់ បានយកដំបងវាយលើជនសង្ស័យឈ្មោះ សារឿន រ៉ា ត្រូវ ០១ដំបងមុន ហើយលោតទៅចាប់អោបត្រូវឈ្មោះ សារឿន រ៉ា ចាក់ដោយអាវុធកូនកាំបិតចុងស្រួច បណ្ដាលឱ្យឈ្មោះរើន រ៉ាត់ រងរបួស ០៣កន្លែង គឺៈ របួសមុតសាច់ដោះខាងស្ដាំ ០១កន្លែង មុតសាច់ដើមទ្រូង ០១កន្លែង និងរយាសស្បែកលើចិញ្ចើម ០១កន្លែង(ស្រាល) ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ចំណែកជនសង្ស័យ ឈ្មោះ សារឿន រ៉ា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពួក ។ តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា÷ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដោយចេតនា យកកូនកាំបិតចុងស្រួចចាក់លើឈ្មោះរើន រ៉ាត់ ឱ្យរបួសពិតមែន ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសលាដំបូងខេត្តសៀមរាប ដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕