ផ្ទុះម៉ាស៊ីនសម្ងួត ឆេះរោងចក្រផលិតបារីមួយកន្លែងយ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តពន្លត់អគ្គិភ័យ១៣គ្រឿងចុះមកពន្លត់
ព័ត៌មាន
919

កណ្ដាល៖ (ព័ត៌មានបន្ថែម) រោងចក្រផលិតបារីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទ្រង់ទ្រាយធំ បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកបាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ចំណុចរោងចក្របារី ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានលើកឡើងថា ករណីអគ្គិភ័យនេះ បណ្តាលមកពីការផ្ទុះម៉ាស៊ីនសម្ងួត ប៉ះនឹងប្រេងសាំង ដែលនៅក្បែរនោះ ក៏បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗកម្មករជាច្រើននាក់ បាននាំគ្នារត់ចេញពីក្នុងរោងចក្រ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់ ។

ក្នុងនោះមានដូចជា កម្លាំងផ្នែកអគ្គិភ័យស្រុកកណ្ដាលស្ទឹង និងរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង, កម្លាំងផ្នែកអគ្គិភ័យខេត្តកណ្ដាល និងរថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង, កម្លាំងផ្នែកអគ្គិភ័យខាងរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង, កម្លាំងអគ្គិភ័យខាងក្រសួងមហាផ្ទៃ និងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង សរុបរថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង បានចុះមកអន្តរាគមន៍ តែដោយសារអគ្គិភ័យនេះធំខ្លាំងពេក ក៏បណ្តាលឲ្យឆេះរោងចក្រចំនួន ១ខ្នង ទំហំបណ្ដោយប្រហែល ១០០ម៉ែត្រ និងទទឹងប្រហែល ៥០ម៉ែត្រ ប្រក់ស័ង្កសីពីលើ ខូចខាត១០០ភាគរយ ព្រមទាំងសម្ភារមួយចំនួនធំផងដែរ៕