​U22​កម្ពុជា នឹងត្រូវជួបវៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ SEA Games​

ក្រុមបាល់ទាត់ជម្រើសជាតិU22កម្ពុជា បានរកឃើញបេក្ខភាពត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី០៧ ខែធ្នូខាងមុខហើយ គឺក្រុមជម្រើសជាតិ U22 វៀតណាម។

ក្រុម U22 វៀតណាម បានក្លាយជាក្រុមកំពូលតារាងពូល B បន្ទាប់ពីពួកគេវាយបកតាមស្មើក្រុមការពារមេដាយមាស U22 ថៃ ដោយលទ្ធផល ២-២។ ដូច្នេះវៀតណាម បានឈរលេខ១ ក្នុងពូល ដោយមាន ១៣ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួត ឈ្នះ៤ និងស្មើ១ គ្រាដែលលេខ២ បានទៅក្រុម U22 ឥណ្ឌូនេស៊ី ដែលមាន ១២ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម U22 ឡាវ ក្នុងលទ្ធផល ៤-០ ក្នុងម៉ោងដំណាលគ្នានៅល្ងាចថ្ងៃព្រហស្បតិ៍នេះដែរ។

យោងតាមរូបមន្ដប្រកួតនៃព្រឹត្តិការណ៍នេះ ក្រុមលេខ១ និងលេខ២ នៃពូល A និងពូល B ត្រូវប្រកួតខ្វែងគ្នា ។ ដូច្នេះក្រុម U22 កម្ពុជា ដែលឈរលេខ២ ក្នុងពូល A ត្រូវជួបក្រុមកំពូលតារាងពូល B គឺក្រុម U22 វៀតណាម នាវេលាម៉ោង ៧យប់(ម៉ោងនៅកម្ពុជា) នាថ្ងៃទី០៧-ធ្នូ ខណៈក្រុមកំពូលតារាងពូល A មីយ៉ាន់ម៉ា ត្រូវជួបក្រុមលេខ២ ពូល B គឺក្រុម U22 ឥណ្ឌូនេស៊ី នាវេលាម៉ោង ៣រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

សូមរំឭកថា នេះគឺជាប្រវត្តិសាស្ដ្រហើយ ដែលក្រុមបាល់ទាត់កម្ពុជា បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ ក្នុងប្រវត្តិធ្លាប់ចូលរួម ១៤លើក។ ចំពោះលទ្ធផលក្នុងពូលរបស់ក្រុមគោព្រៃកម្ពុជា គឺឈ្នះ ២ ស្មើ ១ និងចាញ់ ១ រួមមានឈ្នះទីម័រខាងកើត ៥-០, ឈ្នះម៉ាឡេស៊ី ៣-១, ស្មើម្ចាស់ផ្ទះហ្វីលីពីន ១-១ និងចាញ់មីយ៉ាន់ម៉ា ២-១ ដោយរកបាន ៧ពិន្ទុ ឈរលេខរៀងទី២ ក្នុងពូល A៕