អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនបុរសម្នាក់ ដកហូតគ្រឿងញៀន១១៥គ្រាប់
ព័ត៌មាន
183

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀន ១១៥គ្រាប់ឯណោះ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូផារ៉ាមិន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោតប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួននេះ ធ្វើឡើងដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អាយ ចិត្ត្រា ភេទប្រុស អាយុ ៤២ឆ្នាំ  ។

ក្រោយបញ្ចប់ការស៊ើបអង្កេត យោងទៅលើវត្ថុតាង និងចម្លើយសារភាព ជនសង្ស័យខាងលើអាចចោទប្រកាន់ពីបទ ជួញដូរ សារធាតុញៀនដោយខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់បន្តទៀត៕