រថយន្តដែលបើកលើសល្បឿនកំណត់ និងរំលោភច្បាប់ចរាចរណ៍ នឹងត្រូវផាកពិន័យដល់ផ្ទះ ហើយត្រូវបង្ហោះក្នុងFacebookថែមទៀត
ព័ត៌មាន
1.31K

ភ្នំពេញ៖ យោងតាមផេក ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហោះ ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ខែ ឆ្នាំ២០១៩។

ជាក់ស្តែងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ខែ ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។

សូមបញ្ជាក់ថា៖ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍រយៈពេល ១០ខែក្នុង ឆ្នាំ២០១៩ មានការកើនឡើងចំនួន ៧៦១លើក ស្មើនឹង២៨% បើប្រៀបធៀបនឹងចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៨។

ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការបានឱ្យដឹងថា ទិសដៅបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរារចណ៍ផ្លូវគោក គឺបន្តយុទ្ធនាការចែកមួក បំពាក់ផ្លាកសញ្ញា បិទចំណាំងផ្លាត ជួសជុល និងថែទាំផ្លូវ និងសកម្មភាព និងយុទ្ធនាការផ្សេងៗទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា វិធានការមួយចំនួន ដូចជា៖ ការដាក់កាមេរ៉ាតាមផ្លូវដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកំណត់ និងរំលោភច្បាប់ចរាចរណ៍ (នឹងត្រូវពិន័យដល់ផ្ទះ ព្រមទាំងផ្សព្វផ្សាយតាមហ្វេសប៊ុកដើម្បីបង្ហាញពីឥរិយាបថអាក្រក់ក្នុងការបើកបរ) ការល្បាតឆ្មក់ពេលយប់នៅតាមផ្លូវ ការដាក់ជញ្ជីងលើដងផ្លូវមុខរោងចក្រផលិតស៊ីម៉ងត៍់ (ជាពិសេសរោងចក្រស៊ីម៉ងត៍់ក្នុងខេត្តបាត់ដំបង) ការបិទយានដ្ឋានខុសច្បាប់ឱ្យអស់នៅដំណាច់ឆ្នាំនេះ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់ ជាពិសេស សូមកុំខ្លាចប៉ូលិស ត្រូវខ្លាចច្បាប់ និងខ្លាចសេចក្ដីស្លាប់ខ្លួនឯង ទើបមិនមានគ្រោះថ្នាក់កើតឡើង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អនុគណៈកម្មការទាំងអស់ មន្ត្រីរបស់ក្រសួង និងមន្ត្រីនគរបាលដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត និងពេលវេលា ចុះធ្វើយុទ្ធនាការយ៉ាងសកម្ម ប្រើប្រាស់គ្រប់យុទ្ធសាស្ត្រនិងនីតិវិធី សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកទឹកចិត្តមន្ត្រីទាំងនោះឱ្យបន្ត និងស្វែងរកយុទ្ធនាការថ្មីបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវគោលដៅទសវត្សរ៍របស់អង្គការសហប្រជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ធ្ងរឱ្យបាន៥០% ត្រឹមឆ្នាំ២០២០៕