ខ្ទេចគ្មានសល់ របួស៤នាក់ ក្រោយរថយន្តកាមរី បុកជាមួយរថយន្តឡង់គ្រឺស័រ ធ្លាក់ពីលើផ្លូវជាតិលេខ៦
ព័ត៌មាន
12.2K

បន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកាមរី បានបុកជាមួយរថយន្តឡង់គ្រឺស័រ ពេញទំហឹង បណ្តាលឲ្យភាគីរថយន្តកាមរីខ្ទេចស្ទើរទាំងស្រុង ចំណែកខាងរថយន្តឡង់គ្រឺស័រ វិញធ្លាក់ពីលើផ្លូវ បណ្តាលឲ្យមនុស្សចំនួន៤នាក់ រងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង៥០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ភូមិរំដួល ឃុំភ្នំ លៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក កាម៉ារី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-2762 បើកបរដោយឈ្មោះ ប្រាស់ សំណាង ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពីកើតទៅលិចដល់ចំណុចកលតហេតុ បានវ៉ាជែងរថយន្តនៅខាងមុខរេចង្កូតទៅបុករថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8797 បើកបរដោយឈ្មោះ គឹមអាន សុភ័ក្របញ្ញា ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅបុរីប៉េងហួត រាជធានីភ្នំពេញ បញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីរថយន្តឡង់គ្រឺស័រ រេចង្កូតធ្លាក់ពីលើផ្លូវជាតិ របួស៤នាក់។ ចំណែករថយន្តកាមរីវិញ ខ្ទេចស្ទើរទាំងស្រុង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕