សម្តេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យផ្ទាល់ដល់ទីតាំងបាក់រលំប្លង់សេ សាលាឆាន់ក្នុងវត្តប្រាសាទគោកចក ដែលស្លាប់មនុស្ស៣នាក់ និងរបួស១៣នាក់..
ព័ត៌មាន
635

សៀមរាប៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តសៀមរាប បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងបាក់រលំប្លង់សេ សាលាឆាន់ក្នុងវត្តប្រាសាទគោកចក ក្រុងសៀមរាប សង្កត់មនុស្ស២០នាក់ជាប់ខាងក្រោម រហូតមាន៣នាក់ស្លាប់យ៉ាងរន្ធត់ និងមនុស្ស១៣នាក់រងរបួសធ្ងន់និងស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសពដែលបានស្លាប់ និងចំពោះអ្នករងរបួសផងដែរ ក្នុងនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឧបត្ថម្ភសម្រាប់ក្រុមគ្រួសារអ្នកស្លាប់ក្នុងម្នាក់ ចំនួន២លានរៀល និងអ្នករបួសម្នាក់ៗ ចំនួន១លានរៀលផងដែរ។

សូមបញ្ជាក់ថា ៖ គិតមកត្រឹមល្ងាចថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីពេលរសៀលថ្ងៃដដែល ក្រុមសង្គ្រោះបានរកឃើញជនរងគ្រោះទាំងព្រះសង្ឃនិងគ្រហស្ថសរុប ចំនួន ១៦អង្គ/នាក់ ក្នុងនោះស្លាប់៣នាក់ ចំណែកអ្នករងរបួសអជ្ញាធរបានជួយសង្គ្រោះ រួចនាំយកទៅកាន់មន្ទីរពេទ្យ ។

ក្រោយពីទទួលបានកព័ត៌មាននេះភ្លាម ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា ​(សាលា​ឆាន់) ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងព្រះសង្ឃសរុបប្រមាណ ៧៥០អង្គ/នាក់ បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគំនរប្លង់សេដែលបាក់នោះ។

សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីជនរងគ្រោះ៣នាក់ដែលស្លាប់ មានជនរងគ្រោះចំនួន១៣អង្គ/នាក់រងរបួសរួមមាន ៖ របួសធ្ងន់មាន ៤នាក់ (ជាងសំណង់ ៣នាក់ និងប្រជាការពារម្នាក់) រងរបួសស្រាលចំនួន ៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ២អង្គ ប្រជាការពារម្នាក់ និងជាងសំណង់ ៧នាក់)។ ជនរងគ្រោះដែលរងរបួសទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ទោះជាយ៉ាងនេះ ប្រតិបត្តិការកាយរុករកនៅធ្វើបន្ត ក្រែងមាននៅសេសសល់ជនរងគ្រោះផ្សេងទៀត។

ក្នុងការសង្គ្រោះនេះបានប្រើប្រាស់មធ្យោបាយដូចខាងក្រោម ៖

– រថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង

– គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង ​អង្គភាពអគ្គិសនី ១គ្រឿង​និង​អាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្ត​អគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង រៀបចំភ្លើងបំភ្លឺ​សម្រាប់ប្រតិបត្តិការពេលយប់។

តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បាន​បញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ បានណែនាំក្រុមការងារនឹងបន្ត​កាយគំនរ​សំណង់​នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង ៕