តុលាការសម្រេចឃុំខ្លួន មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងម្នាក់ ដាក់ពន្ធនាគារPJ ក្រោយប្លន់រថយន្តរបស់ពលរដ្ឋ ដោយសារចាញ់ល្បែង
ព័ត៌មាន
831

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ជុត ជីវន្ត័ មានតួនាទីជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដាក់ពន្ធនាគារPJ រង់ចាំការកាត់ក្តីពេលក្រោយតាមកំណត់ ពាក់ពន្ធ័ករណីប្លន់រថយន្តរបស់ពលរដ្ឋ ដោយសារចាញ់ល្បែងនៅកាស៊ីណូ។

សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ អធិការដ្ឋានខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ប្រើអាវុធវែងភ្ជង់ ប្លន់យក រថយន្ត ចំនួន១គ្រឿង។

រថយន្តដែលជនសង្ស័យធ្វើសកម្មភាពប្លន់នេះ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គរ័ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលប្រព្រឹត្តិឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០១និង៣០នាទីរំលងអធ្រាត្រ។

ជនសង្ស័យមានឈ្មោះ ជុត ជីវន្ត័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ឋានបច្ចុប្បន្ន នៅភូមិបឹងព្រះ ស្រុកបារភ្នំ ខេត្តព្រៃវែង ។

ចំណែកជនរងគ្រោះមានឈ្មោះ ពុធ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់តាក់ស៊ី អាស័យដ្ឋានក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ដកហូតបាន រថយន្ត០១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 និងអាវុធវែងចំនួន០៣ដើម ម៉ាកAK47 ០២ដើម និងម៉ាកហ្វាងឡុង ០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕