ករណីអគ្គិភ័យឆេះរោងចក្រក្ដារបន្ទះ នៅខេត្តព្រះសីហនុ បានរលត់វិញហើយ ដោយសមត្ថកិច្ចប្រើពេលជាង២ម៉ោង និងរថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង
ព័ត៌មាន
257

ខេត្តព្រះសីហនុ៖ អគ្គិភ័យឆេះរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស​ កាលពីម៉ោងជាង ១០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានរលត់វិញហើយ ដោយកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តបាញ់អស់ជាច្រើនគ្រឿង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា រោងចក្រដែលត្រូវបានអគ្គិភ័យលេបត្របាក់ខាងលើនេះមានឈ្មោះ Woodin wood (Cambodia) Co.,ltd ផលិតក្តារបន្ទះ កុងផ្លាកកេ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

ក្នុងនោះដែរ រថយន្តពន្លត់អគ្គិភ័យពីកងនគរបាល កងរាជអាវុធហត្ថ កងទព័សឹករងខេត្ត កងទព័ជើងទឹក កំពង់ផែក្រុងព្រះសីហនុនិងសមត្ថកិច្ចចម្រុះគ្រប់ផ្នែក បានអន្តរាគមន៍ជួយពន្លត់ការពារមិនអោយរាលដាលទៅកាន់អាគារផ្សេងទៀតនៅក្បែរនោះឡើយ ដោយប្រើពេលប្រមាណជាង២ម៉ោងទើបគ្រប់គ្រងនិងពន្លត់បានជាស្ថាពរ។ 

ចំពោះ ករណីគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា សម្ភារៈខូចខាតរួមមាន៖ រោងដែកប្រក់ស័ង្កសី ទំហំ ៨m×៤០mមួយខ្នង ម៉ាសុីនបិតក្តារ ចំនួន០១គ្រឿង និងខូចខាតឈើបន្ទះកុងផ្លាកកេមួយចំនួនទៀត ។ 

ក្នុងគ្រោះអគ្គិភ័យនេះ មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ដោយមូលហេតុដែលបង្កឲ្យមានអគ្គិភយ័នេះនៅមិនទាន់ដឹងនៅឡើយ  ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕