មុខសញ្ញាក្រុមចោរឆក់យ៉ាងសកម្ម៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងព្រះសីហនុ បង្រ្កាបបាន!
ព័ត៌មាន
346

ព្រះសីហនុ៖ កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីឆក់កាបូបតាមដងផ្លូវ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ឃ្លាំងលើ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះ លោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងឈរជើងប្រចាំការតាមគោលដៅក្នុងភូមិសាស្រ្តក្រុង ចេញអន្តរាគមន៍កំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ជនសង្ស័យបានម្នាក់ លុះដល់ម៉ោង១និង២៥នាទី រសៀលថ្ងៃខែឆ្នាំដដែល កម្លាំងបានបន្តស្រាវជ្រាវ ពួនស្ទាក់ឃាត់ខ្លួនបក្ខពួកជនសង្ស័យ ចំនួន០២នាក់ទៀត នៅចំណុចក្រោយមន្ទីរឧស្សាហកម្ម និងសិប្បកម្មឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទី១មានឈ្មោះ ហ៊ាន វិសាល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ, ទី២ឈ្មោះ ហែម សុខលី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម និងទី៣ឈ្មោះ ខា បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិជួរ ឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ក្នុងនោះកម្លាំងបានធ្វើការដកហូត វត្ថុតាងដកហូតរួមមាន ម៉ូតូម៉ាកចំនួន ០២គ្រឿង, ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង, នាឡិកា ចំនួន ០៣គ្រឿង, ចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន០២វង់, លុយចំនួន ៣០,០០០រៀល, កាតក្រីម៉ូតូចំនួន ០១សន្លឹក, អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ០២សន្លឹក, កាបូបដៃ ចំនួន០២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់បន្តទៀត៕