យួរម៉ូទ័របូមទឹក ទៅដោតបូមស្រោចដំណាំខាងលិចផ្ទះ បែរជាឆក់ស្លាប់យ៉ាងរន្ធត់
ព័ត៌មាន
426

កណ្តាល៖ បុរសម្នាក់ យួរម៉ូទ័របូមទឹក យកទៅដោតបូមស្រោចដំណាំខាងលិចផ្ទះ អកុសលឆក់ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃ‌ទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ លី ហេងហេង ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ សិស្ស រស់នៅភូមិ ឃុំ កើតហេតុខាងលើ (នៅលីវ) ។

រកឃើញ ម៉ូទរ័បូមទឹក១, ខ្សែ ភ្លើងប្រវែង៨ម៉ែត្រ ។

តាមការសួរបំភ្លឺសាក្សី ត្រូវជាយាយឈ្មោះ ស៉ីម សៀង អាយុ៧៧ឆ្នាំ មុខរបរលក់ដូរ បានឲ្យដឹងថា ចៅរបស់គាត់បានយួរម៉ូទ័របូមទឹកយកទៅដោតបូមស្រោចដំណាំខាងលិចផ្ទះ ពេលនោះខ្លួននៅបោកខោអាវខាងជើងផ្ទះ ឮសូរសំឡេងស្រែកល្វើយៗ គាត់ក៏អត់ចាប់អារម្មណ៍ បោកខោអាវរួច ដើរមកខាងមុខផ្ទះ ក្រឡេកទៅមើលខាងលិចផ្ទះ ស្រាប់តែឃើញចៅដួលផ្កាប់មុខ ដៃស្តាំកាន់ម៉ូទ័រជាប់ ស្រែកហៅអត់ឆ្លើយតប ហើយសង្ស័យថា ឆក់ចរន្តអគ្គិសនី ក៏ដើរទៅបិទប៉ារ៉ែតភ្លើង ហើយមកទាញចៅចេញ ពេលនោះគាត់ស្រែកហៅអ្នកជិតខាងឲ្យមកជួយ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើ់កោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាឆក់ចរន្តអគ្គិសនីពិតមែន និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕