យុវជនម្នាក់ដាច់កជើងស្តែងយ៉ាងគួរឲ្យរន្ធត់ បន្ទាប់ពីបើកម៉ូតូទៅបុករថយន្ដមួយគ្រឿងបត់ឆ្លងផ្លូវលាន់ដូចរន្ទះ
ព័ត៌មាន
2.89K

កណ្ដាល៖ យុវជនម្នាក់​ បានដាច់កជើងស្ដាំម្ខាងយ៉ាងគួរឲ្យរន្ធត់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីបើកម៉ូតូលឿនដូចហោះ មិនប្រយ័ត្នជ្រុលក៏ជ្រុលទៅបុករថយន្ដមួយគ្រឿង កំពុងបើកឆ្លងផ្លូវមិនមើលមុខមើលក្រោយ ពេញមួយទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ កែងផ្លូវ៧មករា ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

ជនរងគ្រោះឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ (រងរបួសដាច់ករជើងខាងស្ដាំ)ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-9330 មានអ្នករួមដំណើរម្នាក់ឈ្មោះ អាន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ (រងរបួសស្រាល) ។ ចំណែករថយន្ដបង្កម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-0739 បើករដោយជនមិនពុំស្គាល់អត្ដសញ្ញាណអត្តសញ្ញាណ(គេចខ្លួន) ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ដមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះមានម៉ូតូមួយគ្រឿងបើកដោយយុវជន២នាក់ ក្នុងល្បឿនលឿនឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏បុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យយុវជនជាអ្នកបើកបរម៉ូតូរងរបួសដាច់ជើងខាងស្ដាំម្ខាងយ៉ាងរន្ធត់ ចំណែកអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ចំណែករថយន្ដនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅ ចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើករថយន្ត បើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រីឯម៉ូតូបើកជែងខ្វះការប្រុងប្រយ័ត្ន ទើបបានជាមានគ្រោះថ្នាក់បែបនេះ ៕