ខេត្តសៀមរាប៖ គិតមកត្រឹមល្ងាចថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីពេលរសៀលថ្ងៃដដែល ក្រុមសង្គ្រោះបានរកឃើញជនរងគ្រោះទាំងព្រះសង្ឃនិងគ្រហស្ថសរុប ចំនួន ១៦អង្គ/នាក់ ក្នុងនោះស្លាប់៣នាក់ ចំណែកអ្នករងរបួសអជ្ញាធរបានជួយសង្គ្រោះ រួចនាំយកទៅកាន់មន្ទីរពេទ្យ ។
ក្រោយពីទទួលបានកព័ត៌មាននេះភ្លាម ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា (សាលាឆាន់) ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងព្រះសង្ឃសរុបប្រមាណ ៧៥០អង្គ/នាក់ បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគំនរប្លង់សេដែលបាក់នោះ។
សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីជនរងគ្រោះ៣នាក់ដែលស្លាប់ មានជនរងគ្រោះចំនួន១៣អង្គ/នាក់រងរបួសរួមមាន ៖ របួសធ្ងន់មាន ៤នាក់ (ជាងសំណង់ ៣នាក់ និងប្រជាការពារម្នាក់) រងរបួសស្រាលចំនួន ៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ២អង្គ ប្រជាការពារម្នាក់ និងជាងសំណង់ ៧នាក់)។ ជនរងគ្រោះដែលរងរបួសទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ទោះជាយ៉ាងនេះ ប្រតិបត្តិការកាយរុករកនៅធ្វើបន្ត ក្រែងមាននៅសេសសល់ជនរងគ្រោះផ្សេងទៀត។
ក្នុងការសង្គ្រោះនេះបានប្រើប្រាស់មធ្យោបាយដូចខាងក្រោម ៖
– រថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង
– គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង អង្គភាពអគ្គិសនី ១គ្រឿងនិងអាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្តអគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង រៀបចំភ្លើងបំភ្លឺសម្រាប់ប្រតិបត្តិការពេលយប់។
តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បានបញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ បានណែនាំក្រុមការងារនឹងបន្តកាយគំនរសំណង់នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង ៕















