ឪពុកស្លុតចិត្ត!.. ដឹកគោទៅចង ទុកកូនស្រី២នាក់នៅលេងទឹកស្រះ ត្រឡប់មកវិញកូនស្លាប់ទាំង២..
ព័ត៌មាន
1.45K

ពោធិ៍សាត់៖ ក្មេងស្រី២នាក់បងប្អូន បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ពិតជាគួរសង្វែគ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរងគ្រោះទាំង២នាក់រួមមាន៖

១-ឈ្មោះ កោះ លក្ខិណា ភេទស្រី អាយុ១០ឆ្នាំ។

២-ឈ្មោះ កោះ លីនណា ភេទស្រី អាយុ៨ឆ្នាំ។ ទាំង២នាក់ មានឪពុកឈ្មោះ មាស រ៉ា អាយុ៣៨ឆ្នាំ និងម្តាយឈ្មោះ ហេង ដេត អាយុ ២៥ឆ្នាំ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍នេះកើតឡើងខណៈដែលឪពុកមានការធ្វេសប្រហែស យកគោទៅឲ្យទឹក ទុកចោលកូនស្រី២នាក់ចុះលេងទឹកស្រះ ពេលនេះឪពុកដេញឲ្យទៅផ្ទះដែរតែកូនទាំង២នាក់មិនព្រមទៅ ពេលឲ្យទឹកគោរួច ឪពុកដឹកគោទៅចងឲ្យស៊ីស្មៅ ទុកក្មេងទាំង២ចោលឲ្យនៅលេងទឹកស្រះ ដល់ពេលត្រឡប់មកយកកូនវិញទើបដឹងថាកូនលង់ទឹកស្លាប់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ស្លាប់ដោយសារតែលង់ទឹក និងបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕