ព្យុះទីហ្វុងដ៏កំណាចKammuriកំពុងសំដៅវាយប្រហារលើប្រទេសហ្វីលីពីន ខណៈមនុស្សជិត៧០,០០០នាក់ត្រូវបានជម្លៀស
ព័ត៌មានអន្តរជាតិ
240

បរទេស៖ ប្រទេសហ្វីលីពីនកំពុងត្រៀមប្រឈមមុខជាមួយការមកដល់ នៃខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះថា កាមមួរិ (Kammuri) ខណៈមនុស្សជិត ៧០,០០០នាក់ បានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

គួរជម្រាបថា ព្យុះទីហ្វុង Kammuri ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកដល់ដែនដីរបស់ហ្វីលីពីននៅយប់ជ្រៅថ្ងៃចន្ទនេះ ឬក៏រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ហើយនាំមកជាមួយនូវការធ្លាក់ភ្លៀងខ្លាំង ព្រមទាំងខ្យល់បោកបក់អាចរហូតដល់ល្បឿន ១៨៥គីឡូម៉ែត្រ។ មនុស្សជិត ៧០,០០០នាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅក្នុងតំបន់ប៊ីខុល (Bicol) ភាគខាងកើតប្រទេសហ្វីលីពីន ដែលជាចំណុចព្យុះទីហ្វុងខាងលើនឹងវាយប្រហារមុនគេ។

យោងតាមការព្យាករណ៍នាពេលនេះ ព្យុះទីហ្វុង Kammuri នឹងឆ្លងកាត់ក្បែររដ្ឋធានីម៉ានីលរបស់ហ្វីលីន ដែលមានមនុស្សប្រមាណ ១៣លាននាក់ និងជាកន្លែងកំពុងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) ផងដែរ។ អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយហ្វីលីពីនសង្ឃឹមថា វានឹងពុំបង្កការបំផ្លិចបំផ្លាញធំដុំអ្វី ប៉ុន្តែបើតាមការស្ទង់មើលកម្លាំងរបស់ព្យុះនោះ គឺប្រហែលមិនអាចទៅរួចឡើយ។ រីឯទីភ្នាក់ងារឧតុនិយមហ្វីលីពីន ក៏បានអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្នអំពីទឹកជំនន់ និងបំណាក់ដីផងដែរ។

គួរបញ្ជាក់ថា ជាមធ្យមក្នុងមួយឆ្នាំៗប្រទេសហ្វីលីពីនតែងរងការវាយប្រហារ ដោយខ្យល់ព្យុះយ៉ាងតិច ២០ ដែលតែងតែបានផ្តាច់យកជីវិតមនុស្សរាប់រយនាក់។ ព្យុះដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តហ្វីលីពីន គឺកំពូលព្យុះទីហ្វុងឈ្មោះ ហៃយ៉ាន (Haiyan) ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ឬបាត់ខ្លួនសរុបជាង ៧,៣០០នាក់កាលពីឆ្នាំ២០១៣៕

ប្រភព៖ CNA