ដឹងមូលហេតុហើយ! ខឹងឆ្កែខាំ ប៉ូលិសប៉ុស្ដិ៍បឹងសាឡាងប្រើប្រាស់គ្រឿងញៀន ដកកាំភ្លើងបាញ់រះ៤គ្រាប់ ត្រូវចំម្ចាស់ឆ្កែបណ្តាលឲ្យរបួសធ្ងន់ (មានវីដេអូស្តែងៗ)
ព័ត៌មាន
39.9K

ភ្នំពេញ៖ ខ្មាន់កាំភ្លើងម្នាក់ជានគរបាលប៉ុស្ដិ៍បឹងសាឡាង ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ត្រូវចំជើងគូជម្លោះ បណ្តាលឲ្យរងរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្មាន់កាំភ្លើងខាងលើនេះ គឺជាមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង បានទាស់ពាក្យសម្ដីគ្នា ជាមួយបុរសម្នាក់រស់នៅជិតគ្នា រហូតដកកាំភ្លើងAK47 បាញ់រះចំនួន៤គ្រាប់ផ្ទួនៗគ្នា ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំភាគីជម្លោះបណ្តាល្យរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្នុងនោះ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា មូលហេតុដែលឈានដល់ការផ្ទុះអាវុធនេះ គឺផ្ដើមចេញពីសត្វឆ្កែចិញ្ចឹមរបស់ជនរងគ្រោះ ធ្លាប់ខាំនគរបាលប៉ុស្តិ៍បឹងសាឡាងខាងលើ ដែលជាខ្មាន់កាំភ្លើង ហើយក៏ធ្លាប់ទាស់ពាក្យសម្ដីគ្នា កាលពីពេលកន្លងមកផងដែរ ពេលនេះខ្មាន់កាំភ្លើងខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕