អបអរសាទរ!! U-19កម្ពុជា បង្កើតប្រវត្តិសាស្រ្តថ្មីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ​U-19 Championship 2020

សូមអបអរសាទរ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលបានបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងវិស័យបាល់ទាត់កម្ពុជា ដែលបានជាប់ទៅលេងវគ្គផ្ដាច់ព្រ័ត្រ​ ការប្រកួត AFC U-19 Championship 2020។ នេះបើយោងតាមការបញ្ជាក់ពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

គួររម្លឹកថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ពិសេសអ្នកគាំទ្រ បាននឹងកំពុងចាំអ៊ុត លទ្ធផលប្រកួតចុងក្រោយក្នុងពូល A ដែលនឹងប្រកួតនាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាស្អែកនេះ ដើម្បីកំណត់អំពីជោគ វាសនារបស់ខ្លួន ក្នុងការប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់យុវជនជើងឯកអាស៊ី ឆ្នាំ២០២០ (AFC U19 Championship 2022)។

ចំពោះលទ្ធផលក្នុងពូល A បច្ចុប្បន្ន គឺក្រុម U19 អ៊ីរ៉ាក់ និងគុយវ៉ែត សុទ្ធតែមាន ៧ពិន្ទុស្មើគ្នា គ្រាដែលក្រុម U19 ប៉ាឡេស្ទីន គឺមាន ៦ពិន្ទុ។ ផ្អែកលើលទ្ធផលនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា នៅតែរក្សាក្ដីសង្ឃឹមក្នុង ការប្រជែងកៅអីវគ្គបន្ដ ក្នុងឋានៈក្រុមលេខ២ ល្អជាងគេ តែមិនទាន់ធានា ១០០% នោះទេ ព្រោះចាំអ៊ុតលទ្ធផល ការប្រកួតចុងក្រោយក្នុងពូល A នាល្ងាចស្អែកសិន។

សម្រាប់កម្មវិធីបញ្ចប់ពូល A ស្អែក រួមមានក្រុម U19 គុយវ៉ែត ត្រូវប៉ះ U19 ប៉ាឡេស្ទីន និងក្រុម U19 អុីរ៉ាក់ ប៉ះអូម៉ង់។ លទ្ធផលទាំង ២ប្រកួតនេះ សុទ្ធតែជះឥទ្ធិពលដល់ក្រុម U19 កម្ពុជា ពោលបើសិនអុីរ៉ាក់ និងគុយវ៉ែតឈ្នះ នោះក្រុម U19 កម្ពុជា នឹងអស់ឱកាស។ ប៉ុន្ដែករណីគុយវ៉ែត ស្មើប៉ាឡេស្ទីន ហើយអ៊ីរ៉ាក់ ស្មើអូម៉ង់ ឬក៏ប៉ាឡេស្ទីន និងអូម៉ង់ ឈ្នះវិញ គោព្រៃជំទង់កម្ពុជា នឹងបានឡើងវគ្គបន្ដតែម្ដង។

គួរបញ្ជាក់ថា ចំពោះក្រុម U19 កម្ពុជា ក្នុងនាមម្ចាស់ផ្ទះពូល G ដែលបានបញ្ចប់ការប្រកួតកាលពីថ្មីៗ ពួកគេបានឈរលេខរៀងទី២ ដោយរកបាន ៩ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួត ឈ្នះ៣ និងចាញ់១។ តែគួរដឹងថា ដោយសារការប្រកួតនេះ ពូលខ្លះមាន ៤ក្រុម ហើយពូលខ្លះមាន ៥ក្រុម ដូច្នេះរាល់ការប្រកួតជាមួយក្រុមបាត តារាងនៃពូលមាន ៥ក្រុម គេមិនរាប់បញ្ចូលក្នុងតារាងចំណាត់ថ្នាក់លេខ២ ល្អជាងគេនោះទេ៕