ទីបំផុត! សាកសពជនជាតិវៀតណាមទាំង​៣៩នាក់​ ដឹកមកដល់ទឹកដីកំណើតហើយ ក្រោយរកឃើញក្នុងកុងតឺន័រនៅអង់គ្លេស
ព័ត៌មានអន្តរជាតិ
39.4K

​បរទេស៖ ​សាកសពជនរងគ្រោះទាំង៣៩នាក់ ដែលត្រូវបានគេរកឃើញក្នុងរថយន្តដឹកកុងតឺន័រ នៅក្បែរទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស កាលពីខែមុននោះ ត្រូវបាននាំយកដល់ប្រទេសវៀតណាមវិញទាំងអស់ហើយ។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ព្រឹកថ្ងៃសៅរ៍នេះសពជនរងគ្រោះចំនួន ២៣នាក់ចុងក្រោយ ត្រូវបានដឹកមកដល់អាកាសយានដ្ឋាន ណូយបៃ (Noi Bai) នៃទីក្រុងហាណូយ ហើយក្នុងចំណោមនោះសពចំនួន ០៧ ត្រូវបានបូជារួចស្រេចទៅហើយនៅឯចក្រភពអង់គ្លេស មុនពេលដឹកមកវៀតណាមក្នុងទម្រង់ជាអដិ្ឋធាតុ។ ចំណែកសាកសពជនរងគ្រោះ ១៦នាក់ដំបូង ត្រូវបាននាំយកមកដល់ទឹកដីកំណើត របស់ពួកគេវិញកាលពីថ្ងៃពុធកន្លងទៅនេះ។ ជនរងគ្រោះទាំងនេះមានប្រភពមកពីតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម។

គួរជម្រាបថា ករណីរកឃើញសពជនចំណាកស្រុកវៀតណាម ៣៩នាក់ខាងលើ ក្នុងទូរក្លាសេនៃរថយន្តកុងតឺន័រមួយគ្រឿងនៅតំបន់ អេសសិក (Essex) ក្បែរទីក្រុងឡុងដ៍ក្នុងចក្រភពអង់គ្លេស បានស្តែងឲ្យឃើញនូវសកម្មភាពរត់ពន្ធ ជនភៀសខ្លួនខុសច្បាប់ពីតំបន់អាស៊ី អាហ្រ្វិក និងមជ្ឈិមបូព៌ាជាដើម ក្នុងដំណើរផ្សងព្រេងយ៉ាងប្រថុយប្រថានទៅកាន់ប្រទេសលោកខាងលិច។ ពាក់ព័ន្ធករណីនេះ មនុស្សមួយចំនួនត្រូវបានចាប់ខ្លួននៅវៀតណាម និងមួយចំនួនទៀតត្រូវបានឃាត់ខ្លួននៅអង់គ្លេស៕

ប្រភព៖ Channel News Asia​