កូរ៉េខាងជើង​ ព្រមាននាយករដ្ឋមន្ត្រីជប៉ុនថា នឹងឃើញការបាញ់គ្រាប់មីស៊ីលពិតៗឆាប់ៗនេះ..!!
ព័ត៌មានអន្តរជាតិ
255

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង​​ KCNA នៅថ្ងៃសៅរ៍ (៣០ វិច្ឆិកា) បានធ្វើការរិះគន់ធ្ងន់ៗទៅលើ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ថាជាមនុស្សគំនិតខ្លី និងមានភាពក្មេងខ្ចីផ្នែកនយោបាយ ដែលបានចាត់ទុកការធ្វើតេស្តជើងទម្រមីស៊ីល ចុងក្រោយបំផុតរបស់កូរ៉េខាងជើង ទៅជាការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប (Ballistic Missile) ទៅវិញ ហើយកូរ៉េខាងជើងក៏បានព្រមានផងដែរថា លោក អាបេ នឹងឃើញកូរ៉េខាងបាញ់គ្រាប់មីស៊ីលពិតនៅថ្ងៃខាងមុខមិនខាន។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បង គ្រាប់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដើម្បីជាការធ្វើតេស្តជើងទម្របាញ់រ៉ុក្កែតរបស់ខ្លួន ជាលើកទីបួន ហើយការបាញ់នោះក៏ត្រូវបានរ៉ាដាកូរ៉េខាងត្បូង និងជប៉ុនចាប់សញ្ញាបានផងដែរ។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ចំពោះលទ្ធផលដែលទទួលបានការពីល្ងាចថ្ងៃព្រហស្បតិ៍នោះ ខណៈសារព័ត៌មានរដ្ឋព្យុងយ៉ាង បានហៅការធ្វើតេស្តនេះថា ជាការបង្ហាញសមត្ថភាពភាពការពារជាតិយ៉ាងពិតប្រាកដ។

​​បន្ថែមពីនេះ ក្រោយកូរ៉េខាងជើងបាញ់តេស្តមីស៊ីលខាងលើ លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ បានហៅទង្វើនេះថា ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជប៉ុន និងសហគមន៍អន្តរជាតិ ហើយប្រទេសជប៉ុននឹងតាមដានស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់ជាមួយដៃគូនានា។ បន្ថែមពីនេះលោក អាបេ ក៏បានហៅសកម្មភាពកូរ៉េខាងជើងខាងលើនេះថា ជាការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប (មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) ផងដែរ ទើបបានជាធ្វើឲ្យកូរ៉េខាងជើងផ្ទុះកំហឹង និងរិះគន់តបវិញយ៉ាងចាស់ដៃ៕

ប្រភព៖ Channel News Asia