កងកម្លាំង​អ៊ីរ៉ាក់ បាញ់សម្លាប់បាតុករ​៤៥នាក់បន្ថែមទៀត ក្រោយ​តវ៉ាបិទផ្លូវ​​និងដុតស្ថានកុងស៊ុលអ៊ីរ៉ង់​!!
ព័ត៌មានអន្តរជាតិ
403

បរទេស៖ ​កងកម្លាំងការពារសន្តិសុខនៅប្រទេសអ៊ីរ៉ាក់ បានបាញ់ក្រុមបាតុករសម្លាប់​៤៥នាក់ និងជាង ១៥០នាក់រងរបួស បន្ទាប់ពីមានការចូលលុកលុយ និងដុតបំផ្លាញស្ថានកុងស៊ុលអ៊ីរ៉ង់មួយកន្លែង។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងចំណោមនោះ ២៩នាក់បានស្លាប់ក្នុងទីក្រុងណាសស៊ីរីយ៉ា (Nassiriya) ភាគខាងត្បូង នៅពេលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ប្រើកាំភ្លើងបាញ់លើក្រុមបាតុករ ដែលបាននាំគ្នាបិទស្ពានមួយខ្សែ ហើយក្រោយមកនាំគ្នាទៅប្រមូលផ្តុំ នៅខាងក្រៅស្ថានីយប៉ូលិសមួយកន្លែង។ ចំណែកមនុស្ស ១២នាក់ទៀតបានបាត់បង់ជីវិត ក្នុងទីក្រុង ណាចាហ្វ (Najaf) នៅពេលកងកម្លាំងអ៊ីរ៉ាក់ធ្វើការបង្រ្កាបលើក្រុមបាតុករ ដែលបានដុតស្ថានកុងស៊ុលអ៊ីរ៉ង់ រីឯបាតុករ ០៤នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនៅរដ្ឋធានីបាកដាដ។ បន្ថែមពីលើអ្នកបាត់បង់ជីវិត មនុស្សជាង ១៥២នាក់ទៀតបានរងរបួស។

ពាក់ព័ន្ធសកម្មភាពដុតបំផ្លាញស្ថានកុងស៊ុលរបស់អ៊ីរ៉ង់នៅឯទីក្រុង Najaf ទាំងរដ្ឋាភិបាលទីក្រុងបាកដាដ និងទីក្រុងតេហេរ៉ង់សុទ្ធតែបាន ថ្កោលទោសចំពោះទង្វើនេះ ហើយកាលពីថ្ងៃព្រហស្បតិ៍អ៊ីរ៉ង់ក៏បានសម្រេចបិទច្រកព្រំដែន ម៉េហ៍រ៉ាន (Mehran) ជាមួយអ៊ីរ៉ាក់ជាបណ្តោះអាសន្នផងដែរ ក្រោមហេតុផលសន្តិសុខ។ កាលពីប៉ុន្មានសប្តាហ៍មុន ស្ថានកុងស៊ុលអ៊ីរ៉ង់មួយកន្លែងទៀតនៅអ៊ីរ៉ាក់ ក៏បានក្លាយជាគោលដៅវាយប្រហារ របស់ក្រុមបាតុករអ៊ីរ៉ាក់ដែរ។

គួរជម្រាបថា បាតុកម្មហិង្សាបានបន្តផ្ទុះឡើងនៅទីក្រុងបាកដាដ និងតំបន់ដទៃទៀតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ចាប់តាំងតែពីដើមខែ តុលា ឆ្នាំ២០១៩នេះ ហើយគិតមកដល់ឥឡូវមនុស្សសរុបជាង ៣៥០នាក់បានបាត់បង់ជីវិត និងប្រមាណ ១៥,០០០នាក់បានរងរបួស៕

ប្រភព៖ Reuters