តារាសម្តែង​​កាណាដា​កាត់​ចិន-​តៃវ៉ាន់ Godfrey Gao បាន​ស្លាប់​អំឡុង​ពេល​សម្តែងភាពយន្ត!!
កម្សាន្ត
8.74K

បរទេស៖ តារាម៉ូដែល និងជាតារាសម្តែងប្រុសជនជាតិកាណាដាកាត់ចិន-តៃវ៉ាន់លោក Godfrey Gao បានស្លាប់ក្នុងវ័យ ៣៥ឆ្នាំ បន្ទាប់ពីដួលសន្លប់​អំឡុងពេលកំពុងសម្តែងភាពយន្តចិន។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមភ្នាក់ងាររបស់ Godfrey Gao បានឲ្យដឹងថា លោកត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ តែជាអកុសលមិនអាចសង្រ្គោះជីវិតលោកបានឡើយ។ ដោយឡែក ងាកមកប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ថា លោកបានថតភាពយន្ត «Chase Me» ឲ្យទូរទស្សន៍ Zhejiang នៅអំឡុងពេលយប់។

ប្រភពដដែលបានបន្ថែមថា Godfrey បានដួលសន្លប់នៅវេលាម៉ោង២យប់ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈកំពុងសម្តែងបានពាក់កណ្តាល។

គួរជម្រាបថា មានតារាភាពយន្តល្បីៗជាច្រើន បានចូលរួមសម្តែងជាមួយលោកនៅពេលនោះ មានដូចជា តារាសម្តែងហុងកុងលោក William Chan និងសមាជិកក្រុមចម្រៀងប្រុស Fahrenheit លោក Calvin Chen៕

ប្រភព៖ Channel News Asia