Mourinho៖ នឹងជួយ​Spurs ឡើងវគ្គ​១៦ក្រុមនៃ Champions League

Jose Mourinho បានថ្លែងដោយប្រាកដប្រជាថា នឹងជួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ឡើងវគ្គ ១៦ក្រុមចុងក្រោយនៃ UEFA Champions League។

បុរសវ័យ ៥៦ឆ្នាំដែលធ្លាប់ដឹកនាំក្លឹប Inter Milan និង FC Porto ឈ្នះជើងឯក UCL នោះបានថ្លែងថា «ខ្ញុំគ្មានអ្វីត្រូវខ្លាចឡើយប្រកួតនៅ Champions League ព្រោះខ្ញុំកំពុងមានកីឡាករល្អជាច្រើនក្នុងដៃ ហើយប្រាកដណាស់ យើងនឹងបានទៅវគ្គបន្ទាប់ នោះគឺ ១៦ក្រុមចុងក្រោយ»។

លោក Jose ដែលទើបចុះកិច្ចសន្យាដឹកនាំ Spurs រយៈពេល ៤ឆ្នាំដែលត្រូវជំនួសកន្លែងលោក Mauricio Pochettino ដែលត្រូវបណ្តេញចេញកាលពីសប្តាហ៍មុននោះ រកបានជ័យជម្នះដំបូងនៅ Premier League ពេលយកឈ្នះក្រុមម្ចាស់ផ្ទះញញួរធំ West Ham United ក្នុងលទ្ធផល ៣-២ មុនទទួលក្រុមភ្ញៀវ Olympiakos របស់ក្រិកនាយប់នេះ នៅ UCL ដ្បិតក្រុមមួយនេះ បានកំពុងតែឈរនៅលេខរៀងទី២ ក្នុងពូល B។

ក្រុមរងជើងឯកពានអឺរ៉ុបរដូវកាលមុន Spurs នឹងកក់កៅអីទៅវគ្គ ១៦ក្រុម ប្រសិនបើករកបាន ៣ពិន្ទុនៅកីឡដ្ឋាន Tottenham ពិតមែននោះ៕

ប្រភព៖ BBC