(ក្តៅៗ) ចាប់បានឃាតក ដែលកាប់ក្បាលប្រពន្ធសម្លាប់នៅវាលស្រែពេលទៅក្តាមជាមួយគ្នា បានហើយ!!!
ព័ត៌មាន
7.92K

កណ្ដាល៖ ករណីឃាតកម្ម ស្ត្រីជាប្រពន្ធ ត្រូវបុរសជាប្តីមានចិត្តឃោឃៅ បានវាយដំទៅលើប្រពន្ធរហូតបាក់ដៃម្ខាង រួចយកកាំបិតកាប់ទៅលើក្បាលប្រពន្ធបន្ថែមទៀត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងគួរឲ្យសង្វេគ ខណៈដែលជនសង្ស័យនិងជនរងគ្រោះ ចេញទៅរកក្ដាមនៅស្រែខាងកើតភូមិ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានជនដៃដល់ជាប្តីនោះហើយ។

ដោយក្រោយកើតហេតុភ្លាមៗ និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលជំនាញ បានសហការគ្នាស្រាវជ្រាវ រហូតចាប់បានជនដៃដល់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលជនសង្ស័យរូបនេះ បានទៅសម្ងំលាក់ខ្លួននៅព្រៃលិចទឹក ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយសមត្ថកិច្ចទាំង២ខេត្ត បានហ៊ុមព័ទ្ធមួយយប់ទល់ភ្លឺ រហូតមកដល់ព្រឹក កម្លាំងផ្នែកជំនាញស្រុក និងការិយាល័យព្រហ្មទណ្ឌខេត្ត បន្តស៊ើបអង្កេតរកជនសង្ស័យ រហូតដល់ពេលល្ងាច និងពេលយប់ ដោយបានប្រើប្រាស់បន្ថែម ទូកម៉ាស៉ីនចំនួន០៥គ្រឿង ពេលព្រលប់សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានស្វែងរក និងឃាត់ខ្លួនជនសង្ស័យជាប្ដី ដែលសម្លាប់ប្រពន្ធខ្លួនឯងនេះតែម្តង។

សូមរំលឹកផងដែរថា ករណីឃាតកម្មដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុច វាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ស្រ្តីរងគ្រោះជាប្រពន្ធមានឈ្មោះ យ៉ាត ស្រីពៅ ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ ។ ចំណែកជនសង្ស័យជាប្តីឈ្មោះ ឃុត សុផល ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ (រត់គេចខ្លួនបាត់ស្រមោល) អ្នកទាំងពីរ មានទីលំនៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុក ពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី ជនសង្ស័យជាប្តីបានប្រើអំពើហិង្សាវាយដំទៅលើស្ត្រីជាប្រពន្ធម្ដងរួចមកហើយ ខណៈនោះមានឈ្មោះ ឌុច ពេជ្រ ភេទប្រុស អាយុ៥៦ឆ្នាំ ជាអ្នកជិតខាងរស់នៅភូមិជាមួយ បានចូលទៅជួយឃាត់ ហើយជនសង្ស័យបាននិយាយថា៖ កុំចេះដឹងរឿងខ្ញុំ រួចហើយឈ្មោះ ឌុច ពេជ្រ បានដើរចេញ ដោយបានឃើញជនសង្ស័យ កាន់ដំបង ប្រហែលប្រវែង១ម៉ែ្រតជាងចំនួន១កំណាត់ និង ដៃម្ខាងទៀត កាន់កាំបិតផ្គាក់ ចំណែកឯស្ត្រីរងគ្រោះ កាន់ធុងជ័រពណ៌ក្រហម រួចនាំគ្នាដើរទៅរកក្តាមនៅចំណុច វាលស្រែខាងកើតភូមិបាត់ទៅ។ រហូតដល់វេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យ បានដើរមកប្រាប់ឈ្មោះ សន សុខឃីម ភេទស្រី ត្រូវជាប្អូនបង្កើតជនរងគ្រោះថា៖ ទៅយកបងហ្អែងទៅពេទ្យផង ព្រោះអញវាយបាក់ដៃនៅវាលស្រែខាងកើតភូមិ ភ្លាមនោះឈ្មោះ សន សុខឃីម បានឆ្លើយតបវិញថា៖ ទៅមិនកើតទេ ព្រោះយប់ហើយ បន្ទាប់មក ជនសង្ស័យក៏ដើរចេញទៅបាត់ទៅ ។ លុះព្រឹកឡើង ស្រាប់តែមានប្រជាពលរដ្ឋដើរទៅស្រែបានឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងស្រែ ហើយបានផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសម្ថកិច្ចជំនាញស្រុក បានចុះមកពិនិត្យលើខ្លួនសាកសពនៅកន្លែងកើតហេតុ រួចសន្និដ្ឋានថា៖ ជនសង្ស័យខាងលើបានវាយជនរងគ្រោះឲ្យបាក់ដៃ រួចហើយជនសង្ស័យបានយកដៃសង្កត់កជនរងគ្រោះ និងកាប់លើក្បាលផ្នែកខាងក្រោយជំរៅដល់លលាដ៍ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ៗភ្លាមៗតែម្តង៕