ហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម នៅឆ្នាំ២០១៩នេះ ហាក់មិនសមប្រកបសោះ ដោយទទួលពាក្យបណ្ដឹងច្រើន ទាក់ទងទៅនឹងសេវានានា ជាពិសេសវិញ្ញាសាបាល់ទាត់តែម្ដង។
មានប្រទេសដល់ទៅ៤បាននិយាយពីសេវាកម្មរបស់ម្ចាស់ផ្ទះនេះ ក្នុងនោះមានកម្ពុជា ថៃ មីយ៉ាន់ម៉ា និងទីម័រ ដែលសុទ្ធតែជួបបញ្ហាស្រដៀងគ្នាទាំងអស់។ ពួកគេសុទ្ធតែជួបបញ្ហាឡានក្រុងទទួលយឺត អាហារផ្ដល់ឱ្យមិនត្រឹមត្រូវ ញ៉ាំមិនកើត ទីលានហ្វឹកហាត់ឆ្ងាយពីកន្លែងស្នាក់នៅ ប្រើពេលយូរទើបទៅដល់។ ខណៈដែលទីលានប្រកួតរបស់ក្រុមថៃវិញនោះ កំពុងសាងសង់នៅឡើយ មិនទាន់រួចនោះទេ។
ក្នុងនោះ គ្រូបង្វឹកក្រុមកម្ពុជា លោកFelix Dalmas បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃអាទិត្យថា« យើងត្រូវរង់ចាំប្រហែលជា៨ទៅ៩ម៉ោង ដើម្បីទទួលឡានក្រុងដឹកយើងទៅសណ្ឋាគារដែលយើងស្នាក់នៅ»។
បញ្ហាទាំងអស់នេះ អាចនឹងធ្វើឱ្យក្រុមទាំងអស់មិនអាចត្រៀមតាមអ្វីដែលគ្រោងទុកបាន ព្រោះពួកគេមិនអាចប្រមូលផ្ដុំហ្វឹកហាត់និងសមទីលាននោះទេ។ ដោយឡែកខាងហ្វីលីពីនវិញ ក៏ចេញមុខសុំទោសចំពោះរឿងរ៉ាវខាងលើផងដែរ៕
ប្រភព៖ Channel News Asia


