កុំចេះតែហ៊ាន! គ្រូបង្វឹកម្នាក់ត្រូវបណ្ដេញចេញ ក្រោយដឹកនាំក្រុមឈ្នះដល់ទៅ​២៧-០​

គ្រូបង្វឹកក្នុងក្រុមយុវជនមួយនៃប្រទេសអ៊ីតាលី​ ត្រូវបានបណ្ដេញចេញពីតំណែង ដោយសារតែមិនផ្ដល់តម្លៃដល់ដៃគូរប្រកួត បន្ទាប់ពីលោកបានដឹកនាំក្រុមឲ្យយកឈ្នះរហូតដល់ទៅលទ្ធផល ២៧-០ កាលពីថៃ្ងសៅរ៍កន្លងទៅ។

ក្រុមដែលអាយុក្រោម១៨ឆ្នាំ មានឈ្មោះថា Invictasauro បានជួបតទល់នឹងក្រុម Marina Calcio ដែលការប្រកួតធើ្វឡើងក្នុងលទ្ធផលបញ្ចប់ទៅដោយមិននឹកស្មានដល់ រហូតឈានដល់ការបណ្ដេញនូវគ្រូបង្វឹករបស់ Invictasauro។

លោក Tiber Pratesi នាយកក្លឹប Marina Calcio ដែលកំពុងឈរនៅបាតតារាង បានធើ្វការរិះគន់ដល់ក្លឹបឈរកំពូលតារាង Invictasauro ថាមិនផ្ដល់តម្លៃដល់ក្រុមរបស់លោក ក្រោយពីលត់ក្បែរ៣០គ្រាប់ ដោយមិនបានតដៃសូម្បីមួយគ្រាប់វិញ។

មួយថៃ្ងក្រោយការប្រកួត លោក Pratesi ត្រូវបានគេរាយការណ៍ថា លោកបានទទួលទូរស័ព្ទពីខាងក្លឹប Invictasauro ដោយពួកគេធើ្វការសុំអភ័យទោសចំពោះលទ្ធផល។

បន្ថែមពីលើនេះ Invictasauro ក៏បានចេញនូវសេចក្ដីថែ្លងការណ៍មួយថា ពួកគេបានសម្រេចចែកផ្លូវជាមួយលោក Riccini ផងដែរ៕​​​​

ប្រភព៖ Goal