គេចមិនផុតពីគុក!!! ជនសង្ស័យម្នាក់​ ដែលលួចក្មេងស្រីម្នាក់យកទៅលក់ ពេលនេះត្រូវបាននគរបាលខេត្តកំពង់ធំ​ចាប់ខ្លួនបានហើយ
ព័ត៌មាន
4.74K

កំពង់ធំ៖​ ដោយមានការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សមត្ថកិច្ចជំនាញបានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពយកក្មេងស្រីទៅលក់ នៅក្នុងភូមិសាស្ត្រខេត្តកំពត ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ធុន ថុនា ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ លន ប៉ិក​ ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅផ្សារកំបូល សង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរកាត់ដេរ ប្ដឹងពីឈ្មោះ ធុន ថុនា ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្សារកំបូល សង្កាត់ កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកំបូល ស្ដីពីករណីបាត់កូនស្រី អាយុ០១ឆ្នាំ ០៦ខែ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង​ ឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្សារស្ទោង ស្ថិតក្នុងភូមិ កំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ពីករណី ពាក់ព័ន្ធយកក្មេងទៅលក់។

រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានបញ្ជូនជនសង្ស័យ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដេីម្បីចាត់ការបន្ត៕