សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា« ស្ថានភាពផ្លូវក្នុងខេត្តព្រះសីហនុ កុំថា គួច ចំរើន មួយ ឲ្យគួច ចំរើន ១០០មកទៀត ក៏ងាប់ដែរ »
ព័ត៌មាន
5.62K

ខេត្តព្រះសីហនុ ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវដ៍ប្រណិត មិនធ្លាប់មាននៅកម្ពុជាចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ យ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា « យើងពិនិត្យមើល អគារខ្ពស់ធំៗហើយ​រៀបចំភ្លើងយ៉ាងល្អ ប៉ុន្តែយើងបែរជាដើរក្នុងផុក តើវាសមទេ? អត់សមទេ! ហើយកុំថា គួច ចំរើន មួយ ឱ្យគួច ចំរើន ១០០មកទៀត ក៏ងាប់ដែរ ដូច្នេះហើយយើងត្រូវតែដំណើរការសាងសង់ » ។

ក្នុងនោះ យោងតាមបង្ហោះនៅលើផេកផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះមុននេះបន្តិចទាំងស្រុងថា ៖ « សម្តេចតេជោ ហ៊ុន សែន កសាងខេត្តព្រះសីហនុជាគំរូ ល្អសមតាមព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ

តាមរយៈគម្រោងសាសង់ផ្លូវចំនួន៣៤ខ្សែ នៅក្រុងព្រះសីហនុ ដែលចំណាយទឹកប្រាក់ជិត $៣០០ លានដុល្លារអាមេរិកនៅថ្ងៃនេះ គឺនឹងធ្វើអោយសោភ័ណភាពខេត្តកាន់តែស្រស់ស្អាត និងមានសុវត្ថិភាពខ្ពស់ ជាមួយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ សក្តិសមជាខេត្តគំរូរបស់ប្រទេសដែលផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរ និងអ្នកវិនិយោគិនមកពីគ្រប់ទីកន្លែងទាំងអស់។

ទស្សនៈវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានតាំងពីឆ្នាំ ១៩៩០ ក្នុងការកំណត់ប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលមានចំនួន៣សំខាន់គឺ ទី១)ភ្នំពេញ ទី២)ព្រះសីហនុ និងទី៣)សៀមរាប។ ខេត្តព្រះសីហនុ ក៏នឹងក្លាយជាតំបន់ហិរញ្ញវត្ថុដ៏សំខាន់នាពេលអនាគត និងជាច្រកសេដ្ឋកិច្ចរបស់ជាតិដែលតម្រូវអោយមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

ជាពិសេសទៀតនោះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំស្តា និងកសាងខេត្តព្រះសីហនុនេះអោយមានសោភ័ណភាពកាន់តែស្រស់ស្អាតសក្តិសមទៅនឹងព្រះបរមនាមរបស់អតីតព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៃកម្ពុជា» ៕