បាតុករគាំទ្រចិន​ ប្រមូលផ្ដុំគ្នា​ចំពេលស្ថានការណ៍កាន់តែវឹកវរ​ក្នុងទីក្រុងហុងកុង
ព័ត៌មានអន្តរជាតិ
829

បរទេស៖ ក្រុមបាតុករគាំទ្រចិន គ្រោងនឹងប្រមូលផ្ដុំគ្នាក្នុងទីក្រុងហុងកុង នៅថ្ងៃសៅរ៍នេះ ដើម្បីសម្ដែងការ​ថ្កោលទោសអំពើហិង្សាប្រឆាំងរដ្ឋាភិបាល និងការគាំទ្រដល់ប៉ូលិស ដែលកំពុងក្លាយជាគោលដៅវាយប្រហារ ពីសំណាក់បាតុករហុងកុងមួយចំនួន។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន​ Reuters នៅព្រឹក ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

សូមជម្រាបថា ទីក្រុងហុងកុង ដែលជាអតីតដែនដីអាណានិគមរបស់អង់គ្លេស បានធ្លាក់ចូលក្នុងភាពវឹកវរអស់រយៈពេល​ច្រើនជាង៥ខែ មកហើយ ដោយបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារនូវអ្វី ដែលពួកគេហៅថា សេរីភាព ប្រជាធិបតេយ្យពេញលេញ ព្រមទាំងការស៊ើបអង្កេតលើប៉ូលិសប្រើប្រាស់ហិង្សា បើទោះជាសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានលុបចោលក៏ដោយ។

ក្រុមបាតុករគាំទ្រទីក្រុងប៉េកាំង ធ្លាប់បានប្រមូលផ្ដុំគ្នាជាច្រើនលើក តែមានចំនួនអ្នកចូលរួមតិចជាងក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី Carrie Lam និងរដ្ឋាភិបាលកុម្មុយនីស្ដចិន។ ប៉ុន្តែ អ្វីដែលគេព្រួយបារម្ភ​នៅពេលនេះ នោះគឺខា្លចក្រុមបាតុករទាំងពីរប៉ះទង្គិចដោយហិង្សា ដែលអាចនឹងធ្វើឱ្យស្ថានភាពកាន់តែវឹកវរ ឬក៏ជំរុញឱ្យទីក្រុងប៉េកាំង ប្រើប្រាស់កម្លាំងបាយជាជម្រើសចុងក្រោយ ដើម្បីដោះស្រាយបញ្ហា។

គួរបញ្ជាក់ថា បើតាមប៉ូលិសហុងកុង កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ បុរសចំណាស់ជាអ្នកបោសសំអាតផ្លូវម្នាក់​មានអាយុ៧០ឆ្នាំ បានបាត់បង់ជីវិត ក្រោយរងរបួសធ្ងន់ដោយសារគេគប់ឥដ្ឋចំក្បាល ពីសំណាក់ក្រុមកុបករ ពាក់ម៉ាស់បិទមុខមួយចំនួន ដែលរងការចោទប្រកាន់ផងដែរថា បានដុតបុរសម្នាក់ឱ្យរងរបួសធ្ងន់កាលពីថ្ងៃចន្ទ កន្លងទៅ៕​

ប្រភព៖ Reuters